សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បារាំង គឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង និងចូលរួមចំណែកការសម្រេចបាន ភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បារាំង គឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។
នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ក្នុងឱកាស នៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង នៅថ្ងៃទី១៥ មករា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទ្បើងថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម, វប្បធម៌, អាហារ, ភាសា, ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា។
សម្ដេចធិបតី បន្ដថា លើសពីនេះ កម្ពុជា-បារាំង បាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ជាអាទិ៍ ហិរញ្ញប្បទានដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា, ការគោរពគោលការណ៍ចីរភាពដែលជួយជំរុញកំណើនប្រកបដោយ បរិយាប័ន្ន, និងគុណតម្លៃរួមដែលជួយត្រួសត្រាយផ្លូវសម្រាប់អនាគតកាន់តែត្រចះត្រចង់ ជាដើម។
សម្ដេចធិបតី បន្ថែមថា ជាងនេះទៅទៀត ធុរកិច្ចបារាំងមានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជាក្នុងវិស័យដែលមានស្រាប់ និងវិស័យដែលអាចទាក់ទាញនវានុវត្តន៍ និងការវិនិយោគ ដូចជា វិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិច, ថាមពលកកើតឡើងវិញ, ការថែទាំសុខភាព, អប់រំ និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជា វិស័យត្រួសត្រាយផ្លូវ ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ (first-mover advantage) ដូចជាវិស័យយានយន្ត, នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល, បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព, ការថែទាំសុខភាព និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ, និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។
សម្តេចធិបតី គូសបញ្ជាក់ថា «បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយបារាំងក៏នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា ក្នុងទំហំពាណិជ្ជកម្មសរុបចំនួន ៤,៦ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ ។ ទន្ទឹមនឹងនេះ បារាំងនៅតែបន្តផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតកម្ពុជា លើមុខជំនាញផ្សេងៗ ដូចជាច្បាប់, វេជ្ជសាស្ត្រ, និងវិស្វកម្ម ជាដើម»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ