សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ មករា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ តបតាមការអញ្ជើញរបស់ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។
យោងតាមលិខិតរបស់ លោកប្រធានាធិបតី ម៉ាក្រុង ផ្ញើរជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានបកប្រែជាភាសាខ្មែរបញ្ជាក់ថា ខណៈដែលព្រះរាជទស្សនកិច្ច របស់ព្រះមហាក្សត្រនៅប៉ារីស កាលពីខែមុនបានរំឭកឡើងវិញ នូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករាខាងមុខ។
លោក ម៉ាក្រុង បានបន្ថែមថា ទស្សនកិច្ចជាលើកទីមួយនេះ នៅប្រទេសបារាំង ចាប់តាំងពី សម្ដេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនង រវាងប្រទេសយើងទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។
លោកប្រធានាធិបតី ប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះ បើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។
លោក បន្ថែមថា ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យភាគីទាំងពីរ ពិនិត្យមើលមធ្យោបាយនានា ដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញ នៃបណ្តារដ្ឋទាំងអស់។
ក្នុងសារលិខិតលោក ម៉ាក្រុង ក៏បានបង្ហាញនូវក្តីគោរពនឹករលឹករបស់លោក ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ