ក្រសួងពាណិជ្ជកម្ម បញ្ជាក់អំពីចំណាត់ការ លើករណីក្រុមហ៊ុនបរទេសមួយចំនួន យករូប «ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត» ទៅវេចខ្ចប់ផលិតផល ដោយគ្មានការអនុញ្ញាត
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អំពីចំណាត់ការ លើករណីក្រុមហ៊ុនបរទេសមួយចំនួន យករូប «ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត» ទៅវេចខ្ចប់ផលិតផលដោយគ្មានការអនុញ្ញាត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការប្រើប្រាស់សញ្ញាជាតិ និងនិមិត្ដរូបជាតិ នៅលើសំបកវេចខ្ចប់ផលិតផល ដែលដាក់លក់លើទីផ្សារអន្ដរជាតិ ដោយគ្មានការអនុញ្ញាត។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក (ឆ្នាំ២០២០ និង២០២១) ក្រសួងពាណិជ្ជកម្ម បានសហការជាមួយស្ថានទូតកម្ពុជាទប់ស្កាត់ និងដោះស្រាយដោយជោគជ័យ នូវករណីបន្លំប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូប ជាតិនានា ដាក់នៅលើផលិតផលដែលតាំងលក់នៅលើទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដោយខុសទៅនឹងច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ។
តាមរយៈវិធានការដែលបានចាត់នៅក្នុងឆ្នាំ២០២០ និង២០២១ គឺ ក្រសួងពាណិជ្ជកម្ម, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា, បានទាក់ទងជាផ្លូវការ ទៅប្រទេសម្ចាស់ដើម នៃទំនិញទាំងនោះ រួមជាមួយប្រទេសដែលទំនិញខុសច្បាប់ទាំងនោះកំពុងធ្វើចរាចរ, តាមរយៈលិខិតលេខ ២៣៥៦ ព.ណ.ក.ស.ប ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ; លិខិតលេខ ២០០០ ព.ណ.អ.ម ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ និងលិខិតលេខ MoC.D/NC ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១, ដើម្បីស្នើសុំការផ្ដល់កិច្ចសហការ និងធ្វើអន្តរាគមន៍ហាមឃាត់នូវការដាក់ស្លាកសញ្ញា និងការធ្វើចរាចរទំនិញខុសច្បាប់ទាំងនោះ។
ទន្ទឹមនោះដែរ តាមរយៈអនុព័ន្ធពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេស, ក្រសួងពាណិជ្ជកម្មក៏បានចេញលិខិតណែនាំ និងហាមឃាត់ផ្ទាល់ទៅក្រុមហ៊ុននិងហាងលក់ទំនិញទាំងនោះ ឲ្យដកចេញនូវរូបសញ្ញាខុសច្បាប់ ចេញពីផលិតផលរបស់ខ្លួន ហើយហាមឃាត់មិនឱ្យបន្តប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិកម្ពុជានៅលើសំបកវេចខ្ចប់ នៃផលិតផលផងដែរ។
ដោយឡែក, នៅពេលថ្មីៗនេះ ក្រសួងបានសង្កេតឃើញថានៅមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម លើសំបកវេចខ្ចប់ផលិតផល ជារូបភាព ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត នៅលើសំបកវេចខ្ចប់ផលិតផល សរសៃគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញខ្លះទៀត ដែលបានដាក់លក់លើទីផ្សារនានា តាមហាងលក់ ទំនិញ និងតាមទីផ្សារអនឡាញ នៅរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀត ក្នុងសហរដ្ឋអាមេរិក ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា។
ជាចំណាត់ការបន្ត, ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ច ដើម្បីមានវិធានការផ្លូវច្បាប់លើការប្រព្រឹត្តល្មើស ដោយក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលកំពុងប្រើប្រាស់ស្លាកសញ្ញាប្រាសាទបាយ័ន លើសំបកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀម ដាក់លក់លើទីផ្សារផ្ទាល់ និងទីផ្សារអនឡាញ ក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដារនៃសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដទៃទៀតផងដែរ។ ក្រសួង នឹងជូនព័ត៌មានដល់សាធារណជនអំពីលទ្ធផល នៃចំណាត់ការជាបន្តទៀត។
ក្រសួងពាណិជ្ជកម្ម សូមអរគុណទុកជាមុន ដល់សាធារណជនទាំងអស់ ចំពោះការផ្ដល់ព័ត៌មាននានា ទាក់ទងនឹងករណីប្រហាក់ប្រហែលនឹងអំពើល្មើសខាងលើ មកក្រសួងពាណិជ្ជកម្ម។ ក្រសួង ក៏បាននិងកំពុងណែនាំដល់អនុព័ន្ធពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស បន្តការស្រាវជ្រាវ ហើយផ្តល់ព័ត៌មានមកក្រសួងពាណិជ្ជកម្ម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ លើករណីផ្សេងទៀតផងដែរ។
ក្រសួងសូមថ្លែងអំណរគុណដល់សមានចិត្ត និងកិច្ចសហការល្អរបស់ប្រជាពលរដ្ឋទាំងនៅក្នុង និងក្រៅប្រទេស ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមការពារវប្បធម៌ ប្រពៃណី និងសម្បត្តិជាតិ និងលើកស្ទួយដល់កិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាយើង៕EB