ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយក្រើនរំលឹកដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះសុខភាព និងណែនាំពីវិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ប្រជាពលរដ្ឋមួយចំនួនតែងមាន ការជួបជុំគ្រួសារ បងប្អូន ញាត្តិមិត្ត រៀបចំធ្វើម្ហូបអាហារ និងធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋាននានា។ ដើម្បីចូលរួមការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ធ្វើការណែនាំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំង អស់ត្រូវយកចិត្តទុកដាក់ការពារសុខភាព សុវត្ថិភាព។

ក្រសួង បន្ដថា ប្រកាន់ខ្ជាប់អនាម័យដោយត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ឬប៉ះពាល់សត្វ បោចសម្អាតសត្វស្លាប លាងសម្អាតសាច់ និងវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងមេរោគ។ ចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វ ស៊ុត និងអាហារសមុទ្រ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬ តាមដងផ្លូវត្រូវប្រាកដថា អាហារទាំងនោះឆ្អិនល្អ មានអនាម័យ និងមានសុវត្ថិភាព ដោយវេចខ្ចប់បានល្អ។

ក្រសួង បន្ថែមថា ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព។ កុំរក្សាទុកអាហារក្នុងកន្លែងដែលមាន សីតុណ្ហភាពធម្មតាលើសពី ២ម៉ោង (បើសីតុណ្ហភាពត្រជាក់ត្រូវតិចជាង ៥អង្សាសេ និងបើក្តៅ គឺត្រូវលើសពី ៦០អង្សាសេ ឬចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារសេសសល់យូរដែលអាចង្កូម ដែលបង្កឱ្យមានការរាករូស ឈឺពោះ កួតជាដើម)។ ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមមានគុណភាពល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមី បន្ថែម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ