ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យ៣នាក់ ក្នុងនោះមានគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយពួកគេត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នផ្សេងទៀតផងដែរ។

ជនសង្ស័យ៣នាក់នោះ រួមមាន៖

*ទី១៖ ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក
*ទី២៖ ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាធន់មន់
*ទី៣៖ ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ។

តាមរបាយការណ៍បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា បានសហការគ្នារត់ការបញ្ចូលចូលក្របខណ្ឌ ដោយខុសច្បាប់តាំងពីឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤ ក្នុងនោះមានសកម្មភាពដូចជា ការរត់ការចូលក្របខណ្ឌរដ្ឋ ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗទៀត ការទទួលធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទ ដូចជា សញ្ញាបត្របាក់ឌុប សញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជាដើម ក្នុងតម្លៃចាប់ពី ៤៥០ដុល្លារអាមេរិក ដល់ ១.៥០០ដុល្លារអាមេរិក។ ចំពោះការរត់ការចូលក្របខណ្ឌរដ្ឋវិញ ក៏យកតម្លៃចាប់ពី ១១.០០០ដុល្លារអាមេរិក ដល់ ១៦.០០០ដុល្លារអាមេរិក តាមប្រភេទក្របខណ្ឌផ្សេងៗគ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ