ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីស្ថានភាពនៃការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូល ៥លានដុល្លារចុះ នៅថ្នាក់រាជធានី ខេត្ត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប. ឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នដែលជាសមាជិក គ.ជ.អ.ប. អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃលេខាធិការដ្ឋាន គ.ជ.អ.ប.។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពិនិត្យពិភាក្សា វាយតម្លៃអំពីស្ថានភាពនៃការអនុវត្ត និងកំណត់វិធានការចាំបាច់ដើម្បីធានាជំរុញឱ្យរដ្ឋបាល រាជធានី ខេត្តអាចចាប់ផ្តើមអនុវត្តកិច្ចការដ៏មានសារៈសំខាន់នេះប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព ស្របតាមច្បាប់វិនិយោគ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានប្រតិភូកម្មទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានឱ្យដឹងថាមកដល់ពេលនេះ រដ្ឋបាលរាជធានី ខេត្តទាំងអស់បានបង្កើតអនុគណៈកម្មាធិការ វិនិយោគរបស់ខ្លួនរួចរាល់ ប៉ុន្តែមានក្រសួងតិចតួចប៉ុណ្ណោះ បានចេញប្រកាសធ្វើប្រតិភូកម្មសិទ្ធិអំណាចជូនមន្ទីរ អង្គភាពរបស់ខ្លួនថ្នាក់ រាជធានី ខេត្ត ដែលប្រការនេះធ្វើឱ្យរដ្ឋបាលរាជធានី ខេត្តពុំទាន់អាចអនុវត្តតួនាទី សិទ្ធិអំណាចពេញលេញក្នុងការចុះបញ្ជីគម្រោងវិនិយោគដែលច្បាប់បានផ្ដល់ឱ្យ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ ការចូលរួមមតិយោបល់ និងការចែករំលែកបទពិសោធ ពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធដែលមិនទាន់បានធ្វើប្រតិភូកម្ម ត្រូវពន្លឿនការធ្វើប្រតិភូកម្ម សិទ្ធិអំណាចឱ្យបានច្បាស់លាស់ទៅឱ្យមន្ទីរ អង្គភាពរបស់ខ្លួននៅថ្នាក់រាជធានី ខេត្ត ឱ្យបានមុនដំណាច់ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យពន្លឿនការរៀបចំបទប្បញ្ញត្តិស្តីពីការណែនាំអនុវត្តជាក់ស្តែង ឬសេចក្តីណែនាំបច្ចេកទេស និងធ្វើការបណ្តុះបណ្តាលដល់មន្ទីរ អង្គភាពខ្សែបណ្តោយ និងរដ្ឋបាលរាជធានី ខេត្តឱ្យបានឆាប់ ហើយ គ.ជ.អ.ប. ត្រូវសម្របសម្រួលការរៀបចំសៀវភៅណែនាំអំពីបែបបទ នីតិវិធីនៃ ការគ្រប់គ្រងការវិនិយោគថ្នាក់រាជធានី ខេត្ត និងបណ្តុះបណ្តាលដល់អនុគណៈកម្មាធិការឱ្យបានឆាប់ ដើម្បីឆ្លើយតបការធ្វើប្រតិភូកម្ម និងយុទ្ធសាស្ត្របញ្ចកោណ ដែលផ្ដោតលើធនធានមនុស្ស និងឌីជីថល។

ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យភាគីសិក្សាអំពីលទ្ធភាពក្នុងការពិនិត្យ និងកែសម្រួល បែបបទ នីតិវិធី នៃការចុះបញ្ជីវិនិយោគនៅរដ្ឋបាលរាជធានី ខេត្ត ឱ្យកាន់តែសាមញ្ញ ងាយស្រួល និងឆាប់រហ័ស ហើយអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចាប់ផ្តើមអនុវត្តការចុះបញ្ជីនេះឱ្យស្របតាមគោលការណ៍បែបបទ និងនីតិវិធី និងត្រូវផ្សព្វផ្សាយអំពីការចុះបញ្ជីគម្រោងវិនិយោគ និងសារប្រយោជន៍ដែលទទួលបានពីការចុះបញ្ជី ដល់អ្នកវិនិយោគនៅថ្នាក់រាជធានី ខេត្តរបស់ខ្លួន។

សូមរម្លឹកជូនថា គម្រោងវិនិយោគ ដែលតម្រូវឱ្យឆ្លងកាត់ដល់យន្ដការថ្នាក់ជាតិ ឬក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមមានគម្រោងវិនិយោគមានទឹកប្រាក់លើសពី៥លានដុល្លារ គម្រោងវិនិយោគស្ថិតលើទីតាំងរាជធានី ខេត្ត ចាប់ពី២ឡើងទៅ គម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គម្រោងវិនិយោគស្ថិតក្រោមច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងគម្រោងវិនិយោគដែលពាក់ព័ន្ធនឹងការរុករក និងការធ្វើអាជីវកម្មរ៉ែ និងធនធានធម្មជាតិជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ