ភ្នំពេញ៖ ចំពោះការឡើងអំពីការកសាងធនធានមនុស្ស លើវិស័យសុខាភិបាល ដែលជាវិស័យមួយចាំបាច់ និងមានការទទួលខុសត្រូវខ្ពស់នេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំកុំឲ្យនិស្សិតពេទ្យ កុំសុំមកសម្តេច ដើម្បីឲ្យជាប់ ដោយមិនឆ្លងកាត់ការប្រឡង ។

ការស្នើសុំរបស់សម្តេចខាងលើនេះ ធ្វើឡើងក្នុងពិធី “បិទសន្និបាត បូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣” នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ។

សម្តេចធិបតី បានលើកឡើងថា «នៅក្នុងស្ថាប័នរដ្ឋរបស់យើង យើងគិតអំពីការបំពេញនិងថែរក្សា បុគ្គលិកសុខាភិបាលតាមអង្គភាព ។ ក្នុងនោះយើងគិតគូរ ពីការបណ្តុះបណ្តា ការបណ្តុះបណ្តានេះ គឺចេញពីសាលាមក ក៏មួយផ្នែកត្រូវចូលមកការងាររដ្ឋដែរ ។ ការបណ្តុះបណ្តានៅសាលាណាក៏ដោយ ក៏មានសមត្ថភាព ប្រឡងចូលក្របខណ្ឌរដ្ឋ ឬមួយត្រូវបញ្ចូល ក្របខណ្ឌរដ្ឋ តាមប្រព័ន្ធជ្រើសរើសមន្ត្រី»។

សម្តេចធិបតី បានបញ្ជាក់ថា "ការបណ្តុះបណ្តាត្រូវយកចិត្តទុកដាក់ លើគុណភាព ការអប់រំ និងគុណភាពសិស្ស ហើយរៀនពេទ្យគួរឲ្យតឹង ហើយខ្ញុំសូមស្នើសុំក្មួយៗ ប្អូនៗ និស្សិតពេទ្យ កុំសុំជាប់ដោយមិនប្រឡងអី"។

ក្នុងនោះដែរ សម្តេចធិបតី បានបន្តទៀតថា "ការប្រឡងនេះ ជួយយើងពេលដែលយើងទៅធ្វើការ ដូចខ្ញុំថា ពេទ្យគឺជាសេនាឲ្យទេវតា យើងត្រូវទៅព្យាបាលមនុស្សឲ្យចំ កុំឲ្យធ្វើអីខុស ពីបំណងរបស់យើង ចឹងសមត្ថភាពយើងមាន" ។

សម្តេចក៏បាន លើកយកពីវិស័យការពារជាតិ មកពន្យល់បន្ថែម ប្រៀបបានកងព័ទដែលមានជំនាញដោះមីន ត្រូវតែច្បាស់ បើកាលណាមិនច្បាស់ បង្កជាកំហុសណាមួយកើតឡើង នឹងនាំឲ្យមានវិនាសកម្មកើតឡើងទាំងលើខ្លួនឯង ព្រមទាំងមនុស្សជុំវិញខ្លួនផងដែរ។ សម្តេចធិបតី បញ្ជាក់ថា "ពេទ្យដូចគ្នាត្រូវការច្បាស់លាស់ ចឹងសុំឲ្យប្រឡង" ។

ជាមួយគ្នានោះ សម្តេចក៏បានរំលឹក ដល់និស្សិតពេទ្យ ត្រូវរៀនឲ្យពូកែ តែយ៉ាងណា ការពូកែទៅលើការទន្ទេញតែមួយមុខ មិនគ្រប់គ្រាន់នោះទេ ត្រូវតែខិតខំ និងពូកែលើការវិនិច្ឆ័យ ជាពិសេសមូលដ្ឋានផ្សេងៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ