ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ម្ដងទៀតហើយ ក្រោយធ្លាប់ចូលចតកាល ៣ឆ្នាំមុន ដោយសារបញ្ហាកូវីដ-១៩។

នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែរបស់កម្ពុជា នាពេលនេះ បាននាំភ្ញៀវទេសចររាប់ពាន់នាក់ផងដែរ។ ចំពោះពិធីទទួល ភ្ញៀវទេសចរនេះ បានធ្វើឡើងក្រោមវត្តមានលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

នាវាទេសចរណ៍នេះ នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃទី២៨ ធ្នូ នេះ ហើយមានភ្ញៀវទេចរមួយចំនួន នឹងបន្ដទស្សនានៅកម្ពុជា ខណៈភ្ញៀវទេសចរ មួយចំនួនទៀត នឹងត្រឡប់ទៅតាមនាវាវិញ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន៥ បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។

មូលហេតុដែលរដ្ឋាភិបាល សម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថា ជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេសលុបបំបាត់ ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺរលាកសួត ដែលបង្កឡើងដោយជំងឺកូវីដ១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ