ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ថ្មី សរុបចំនួន ៥៣ ៧៩៧នាក់ (ស្រ្តីមានផ្ទៃពោះ ៤៣ ៦៨៨នាក់) ហើយស្រ្តី និងកុមារមកអនុវត្តលក្ខខណ្ឌបានចំនួន ៤៦១ ៣១៥ករណី ដែលបានចំណាយថវិកាសរុប ៣៦ ៩៣៧ ៤៤០ ០០០រៀល។


នេះបើយោងតាមរបាយការណ៍សង្ខេបរបស់ លោក ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។


ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាព លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទាន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពស្ថិតក្រោមសមត្ថកិច្ចក្រសួង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្តរជាតិផងដែរ។


របាយការណ៍របស់លោក ទៀវ សុគន្ធ ក៏បានឱ្យដឹងទៀតដែរថា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលចាប់ផ្តើមពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ៧០៥ ៧១៦គ្រួសារ ដែលបានចំណាយទឹកប្រាក់សរុបចំនួន ៥ ០៩៩ ៨០៤ ២២៥ ០០០រៀល។


លោក ទៀវ សុគន្ធ បានបញ្ជាក់បន្ថែមថា ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាសម្រាប់ ២៥រាជធានី ខេត្ត ដែលគ្រួសារទទួលផល សរុបចំនួន ៤៩៥ ៣០៧គ្រួសារ ចំណាយថវិកាចំនួន ១៧៥ ៩៥២ ៨៣៦ ០០០រៀល និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់សម្រាប់រាជធានី ខេត្ត ចំនួន ១៦ មានគ្រួសារទទួលផលសរុបចំនួន ៩៩ ១៦៩គ្រួសារ ចំណាយថវិកាចំនួន ៤៦ ៧៩៩ ០៨៨ ០០០រៀល៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ