ក្រសួងមហាផ្ទៃ ព្រមានចំពោះគណបក្សនយោបាយណា ដែលចុះឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពបំពានច្បាប់
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានព្រមានទុកជាមុនចំពោះគណបក្សនយោបាយ បានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ ស្តីពីគណបក្សនយោបាយ។
ការលើកឡើងរបស់ ក្រសួងបែបនេះ ក្រោយពេលថ្មីៗនេះទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់ គណបក្សនយោបាយចំនួន ៣ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយស្មោកគ្រោករបស់ខ្លួន ។
តាមរយៈសេចក្ដីប្រកាសព្រមានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១២ មករា នេះ ថា ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃ សូមព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបាន ចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ពិសេស មាត្រា ៦ថ្មី(ពីរ) ដែលបានចែងអំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះ ចំណុចទី៧ នៃមាត្រានេះបានកំណត់ច្បាស់ថា «ការយល់ព្រមដោយចំហ ឬដោយតុណ្ហភាព ឬ ឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន» គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបាន ហាមឃាត់» ។
ក្នុងន័យដូចគ្នានេះដែរ យោងតាមមាត្រា ៤៤ថ្មី(ពីរ) នៃច្បាប់នេះ បញ្ញត្តិថា គណបក្សនយោបាយ ដែលប្រព្រឹត្តល្មើស អាចប្រឈមនឹងការផ្អាកសកម្មភាពប្រាំឆ្នាំ ឬប្រឈមមុខនឹងការរំលាយដោយតុលាការ ។ ទន្ទឹមនេះ មាត្រា ៣៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានផ្តល់សមត្ថកិច្ចដល់ក្រសួងមហាផ្ទៃ ក្នុងការចាត់វិធានការដើម្បីផ្អាកសកម្មភាពគណបក្សនយោបាយនោះ ឬប្ដឹងទៅតុលាការ ដើម្បីរំលាយគណបក្ស នយោបាយនោះចោល។
ក្រសួងមហាផ្ទៃ សូមអំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ដើម្បីចូលរួមប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ