អនុវិទ្យាល័យមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំង បានប្ដូរទម្លាប់របស់សិស្សពីកាន់ទូរស័ព្ទ មកបណ្ដុះទម្លាប់អានសៀវភៅវិញ
កំពង់ឆ្នាំង ៖ លោកគ្រូ ស្រី ភន នាយកសាលាអនុវិទ្យាល័យខ្លាគ្រហឹម ស្ថិតនៅភូមិខ្លាគ្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្ដូរទម្លាប់របស់សិស្សពីកាន់ទូរស័ព្ទ នៅពេលទំនេរ មកអានសៀវភៅវិញ ដើម្បីឱ្យពួកគាត់ខិតខំរៀនសូត្របន្ថែមទៀត នៅពេលម៉ោងសម្រាក។
លោកគ្រូ ស្រី ភន នាយកសាលាអនុវិទ្យាល័យខ្លាគ្រហឹម បានថ្លែងប្រាប់ក្រុមការងារសារព័ត៌មាន NP ថា សព្វថ្ងៃនេះ មានសិស្សមកអានសៀវភៅជាច្រើន នៅក្រោមដើមឈើក្នុងបរិវេនសាលារៀន ជាពិសេស នៅម៉ោងសម្រាក ពេលកៀកប្រឡង និងពេលដែលលោកគ្រូ អ្នកគ្រូ ដាក់កិច្ចការឱ្យសិស្សស្រាវជ្រាវ។
លោកនាយកសាលា បានផ្តាំផ្ញើដល់សិស្សានុសិស្ស ថា ការអានសៀវភៅ នឹងធ្វើឱ្យសិស្សអភិវឌ្ឍន៍ការសិក្សា ចេះស្វ័យសិក្សាដោយខ្លួនឯង ចេះអានអក្សរ និងសរសេរអក្សរបានល្អ។ អានសៀវភៅ អាចឱ្យយើងទទួលបានចំណេះដឹងកាន់តែទូលំទូលាយ។ លោកនាយកសាលា គូសបញ្ជាក់ថា «បុគ្គលដែលខិតខំរៀនសូត្រ រមែងតែងតែបានមកវិញ នូវលទ្ធផលជាទីគាប់ចិត្តមិនខានឡើយ»។
ទន្ទឹមនឹងនេះដែរ សាលា ក៏បានផ្ដោតសំខាន់ក្នុងការបង្រៀនកូនសិស្សទាំងអស់ ឱ្យស្រឡាញ់បរិស្ថាន និងយល់ដឹងអំពីការទុកដាក់សំរាមផងដែរ។
សូមបញ្ជាក់ថា អនុវិទ្យាល័យខ្លាគ្រហឹម ក៏បានចាប់ផ្ដើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំង គ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» ដោយមានសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ បានចូលរួមច្រើន ដើម្បីបរិស្ថានស្អាត នៅជុំវិញសាលារៀនផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ