ក្រសួងមហាផ្ទៃ ៖ រាល់បទល្មើសនៃការជួញដូរមនុស្ស នៅពេលអនុវត្តការងារត្រូវកំណត់អត្តសញ្ញាណ ឲ្យបានច្បាស់លាស់ ចំពោះជនល្មើស និងជនរងគ្រោះ
សៀមរាប ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) បានលើកឡើងថា រាល់បទល្មើសនៃការជួញដូរមនុស្ស នៅពេលអនុវត្តការងារ ត្រូវកំណត់នូវអត្តសញ្ញាណ ឲ្យបានច្បាស់លាស់ ចំពោះជនល្មើស និងជនរងគ្រោះ ដោយជនរងគ្រោះមួយចំនួនក៏ជាជនល្មើសផងដែរ។
បច្ចុប្បន្ននេះ មានអនិជនរងគ្រោះប្រមាណជា៥០% បានកំពុងទទួលរងនូវអំពើជួញដូរទៅតាមគ្រប់រូបភាព ដែលប្រឈមទៅនឹងភាពគ្រោះថ្នាក់បំផុត ព្រមទាំងធ្វើឲ្យមានវិបត្តិដល់សង្គមទៀតផង។
លោកស្រី ជូ ប៊ុនអេង លើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តសៀមរាប ព្រមទាំងមានចូលរួមពីតំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក មេឃុំ-ចៅសង្កាត់ កងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តំណាងអង្គការដៃគូជាតិ និងអន្តរជាតិ ជាច្រើនចូលរួមផងដែរ។
លោកស្រី ជូ ប៊ុនអេង បានបន្តថា អំពើជួញដូរមនុស្ស ក្នុងរូបភាពការនាំចេញ ដោយមិនស្របច្បាប់សម្រាប់នាំចេញឆ្លងដែនទៅក្រៅប្រទេស និងការនាំចូលមកពីបរទេស ដែលជាសកម្មភាពខុសច្បាប់ បានជះឥទិ្ធពលមិនល្អដល់ប្រទេសកម្ពុជា និងធ្វើឲ្យផលប៉ះពាល់ដល់សុខភាពសាធារណៈ និងអាយុជីវិតប្រជាពលរដ្ឋ។
លោកស្រីបន្តថា បទល្មើសនៅតែកើតមាន ហើយប្រជាពលរដ្ឋនៅតែបន្តរងគ្រោះជាបន្តបន្ទាប់ ដែលភាពរងគ្រោះមួយចំនួន កើតឡើងនៅក្រៅប្រទេស ក្នុងពេលដែលប្រជាពលរដ្ឋធ្វើចំណាកស្រុក ជាពិសេសការធ្វើទេសន្តរប្រវេសន៍ ដោយមិនមានច្បាប់ត្រឹមត្រូវ ក្នុងការស្វែងរកការងារ ទាំងការស្វែងរកគូស្រករនៅក្រៅប្រទេស។ ម៉្យាងទៀត បទល្មើសមួយចំនួន ជនរងគ្រោះក៏ក្លាយជាជនល្មើសផងដែរ ទៅតាមរូបភាព ដូចជា៖ «ការពរពោះ បង្កើតយកកូនលក់» ជាដើម៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ