សម្ដេចតេជោ ហ៊ុន សែន ៖ ព័ត៌មានថា ភរិយាសម្ដេច កំពុងបញ្ជូនទៅព្យាបាលនៅបរទេស គឺជារឿងមិនពិតឡើយ ហើយពួកអាក្រក់បញ្ឈប់នូវការបំពុលព័ត៌មាន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់ពួកអាក្រក់ ឲ្យបញ្ឈប់នូវការបំពុលព័ត៌មានទាំងឡាយពាក់ព័ន្ធសុខភាពរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
សម្ដេចតេជោ មានប្រសាសថា «សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ»។
តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប៉ុន្មាន ២ថ្ងៃចុងក្រោនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយារបស់សម្ដេច មានជំងឺ។ សម្ដេច បញ្ជាក់ថា នេះ ជារឿងពិត ហើយសម្ដេច និងក្រុមគ្រួសារ ក៏គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។
សម្ដេចតេជោ បញ្ជាក់បន្តថា កាលពី៤ថ្ងៃមុន ភរិយារបស់សម្ដេច ដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។
សម្ដេចតេជោ បញ្ជាក់បន្ថែមថា « ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត»។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានក្រាបបង្គំ អរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយារបស់សម្ដេចដែលជាបុត្រីធម៌របស់ព្រះអង្គដល់មន្ទីរពេទ្យ និងសូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាសម្ដេច៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ