ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីស ប្រទេសបារាំងហើយ នៅវេលាម៉ោង២៖៤០ទៀបភ្លឺ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។


ដំណើរអញ្ជើញដល់របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំង។


ដោយឡែកនៅឯសណ្ឋាគារកន្លែងស្នាក់នៅរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក្នុងទីក្រុងប៉ារីស មុនធ្វើដំណើរបន្តទៅទីក្រុងដាវ៉ូស ប្រទេសស្វីសនោះ មានប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសបារាំង និងបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបច្រើនកុះករ បានអញ្ជើញមកស្វាគមន៍ដំណើររបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត។


សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញបេសកកម្មដ៏មានសារៈសំខាន់ចំនួនពីរនៅទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ