សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបំពេញទស្សនកិច្ចនៅបារាំង និងចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក នៅស្វីស ចាប់ពីថ្ងៃទី១៣-១៩ មករា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំ គណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ច ផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។
តាមការឲ្យដឹង ពីឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum Annual Meeting 2024) នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដារ៉ូស-ខូស្ទ័រ សហព័ន្ធស្វីស និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ តបតាមការ អញ្ជើញ របស់លោកសាស្ត្រាចារ្យ គ្លេស ឆាប់ (Klaus Schwab) ស្ថាបនិក និង ប្រធានប្រតិបត្តិ នៃវេទិកា សេដ្ឋកិច្ចពិភពលោក និងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងទៀតថា មុននឹងបន្តដំណើរ អញ្ជើញទៅចូលរួម “កិច្ចប្រជុំ ប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ច ពិភពលោក (World Economic Forum Annual Meeting 2024) សម្តេចធិបតី ក៏នឹងអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅទ្វីបអឺរ៉ុប និងអញ្ជើញជាអធិបតី ក្នុងវេទិការធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំ ដោយសមាគមធុរកិច្ចបារាំង (MEDEF) និងសភាពាណិជ្ជកម្មកម្ពុជា និងមានជំនួបផ្សេងៗជាច្រើនទៀតជាមួយវិស័យឯកជន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ