សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយ សម្ដេច បន្ដគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្ដួចផ្ដើម យុទ្ធសាស្ដ្រខ្សែក្រវាត់ និងផ្លូវ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយ សម្ដេច បន្តគាំទ្រយ៉ាងពេញទំហឹងដោយឥតរារែកនូវគំនិតផ្តួចផ្តើមស្តីពី «យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន។
តាមសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សម្តេចធិបតី គូសបញ្ជាក់ថា «ក្នុងនាមខ្ញុំជាអ្នកដឹកនាំជំនាន់ក្រោយ ដែលបន្តវេនដឹកនាំនាវាកម្ពុជានាពេលបច្ចុប្បន្ន ខ្ញុំសូម បន្តគាំទ្រយ៉ាងពេញទំហឹងដោយឥតរារែកនូវគំនិតផ្តួចផ្តើមស្តីពី យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ សម្រាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន»។
បន្ថែមពីលើនេះ សម្ដេចធិបតី លើកឡើងថា ក្នុងនាមជាដៃគូនៃកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កម្ពុជា និងចិនបន្តមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ ហើយកំពុងរីកចម្រើនលើវិស័យនានាជាច្រើន។
សម្ដេចធិបតី បន្ដថា ការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងការផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកគ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេច ជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយសម្ដេច បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ ជាលទ្ធផល ភាគីទាំងពីរបានប្រកាសបង្ហាញជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្តរក្សាចំណងទំនាក់ទំនងដែកថែប និងការពារគ្នាទៅវិញទៅមក៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ