ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានជូនដំណឹងថា យោងការស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តមួយចំនួន នៃប្រទេសកម្ពុជា នឹងចុះត្រជាក់ចន្លោះពី១៩ ដល់១៥អង្សាសេ។
សេចក្តីជូនដំណឹង ដដែល បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសនឹងចុះត្រជាក់ ដោយក្នុងនោះសីតុណ្ហភាពអប្បបរមានៅពេលព្រឹក៖
-ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិនសីតុណ្ហភាពអប្បបរមាពី ១៥-១៦អង្សាសេ។
-ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែងសីតុណ្ហភាពអប្បបរមាពី ១៧-១៩អង្សាសេ។
-នៅរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី ២០-២៣អង្សាសេ។
-នៅលើផ្ទៃសមុទ្រខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៧-៩ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី១,៥០-២,០០ ម៉ែត្រ។
ក្រសួងធនធានទឹក សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ