ភ្នំពេញ ៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល មិនលើកលែង មិនយោគយល់ មិនអត់អោន និងមិនអនុគ្រោះឡើយ ចំពោះបុគ្គលជាបេក្ខជនណាបានប៉ុនប៉ង ឬក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬឯកសារសាធារណៈពាក់ព័ន្ធដទៃទៀត ក្នុងការដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១០ មករា បានឲ្យដឹងថា កន្លងមក គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ធ្លាប់បានរកឃើញមាននិស្សិតក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានលុបឈ្មោះចេញពីបញ្ជី ឈ្មោះនិស្សិតប្រឡងជ្រើសរើសជាប់ចូលរៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានា ជាបន្តបន្ទាប់។

ក្នុងគោលបំណងបញ្ចប់ការក្លែងបន្លំឯកសារសាធារណៈ មានជាអាទិ៍៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់កិត្យានុភាពគ្រូពេទ្យ និងលើកកម្ពស់តម្លៃ នៃសីលធម៌សេចក្តីថ្លៃថ្នូរក្នុងសង្គម ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ នឹងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជានានា ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមបញ្ញត្តិមាត្រា ៦២៩នៃក្រមព្រហ្មទណ្ឌ ស្តីពីបទក្លែងបន្លំឯកសារសាធារណៈ ចែងថា «ការក្លែងបន្លំ ប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិអត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៥ ទៅ ១០ឆ្នាំ»។

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ គូសបញ្ជាក់ថា «ដោយមិនលើកលែង មិនយោគយល់ មិនអត់អោន មិនអនុគ្រោះឡើយ ចំពោះបុគ្គលជាបេក្ខជនដែលបានប៉ុនប៉ង ឬក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារសាធារណៈពាក់ព័ន្ធដទៃទៀតតាមរូបភាពណាក៏ដោយ ក្នុងការដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិនិស្សិតដែលធ្លាប់ត្រូវបានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ លុបឈ្មោះចេញពីបញ្ជីឈ្មោះ និស្សិតប្រឡងជ្រើសរើសជាប់កន្លងទៅ មិនត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិជាថ្មី ឡើងវិញទៀតឡើយ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ