ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវពង្រឹងឡើងវិញនូវការត្រួតពិនិត្យជាតិអាល់អាកុល ក្រោយមានអ្នកគ្រោះចរាចរណ៍ច្រើនករណីដោយសារគ្រឿងស្រវឹង។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤  របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី បានឱ្យដឹងថា នាពេលប៉ុន្មានថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ដោយសារស្រវឹងស្រាមានច្រើនករណី ដូច្នេះ អគ្គស្នងការនគរបាលជាតិ ត្រូវពង្រឹងការត្រួតពិនិត្យជាតិអាល់កុល។

សម្ដេច គូសបញ្ជាក់ថា «ខ្ញុំ សូម ឯកឧត្តម ស ថេត ឱ្យពិនិត្យមើល និងពង្រឹងឡើងវិញ នូវការត្រួតពិនិត្យជាតិអាកុលឡើងវិញ ព្រោះអាហ្នឹងសោកនាដកម្មណាស់។ ពង្រឹងច្បាប់ ពង្រឹងការត្រួតពិនិត្យ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា រឿងធំបំផុត នាពេលបច្ចុប្បន្ននេះ គឺរឿងគ្រោះថា្នក់ចរាចរណ៍នេះ មានអ្នកស្លាប់ច្រើនណាស់ ដូច្នេះ ត្រូវពង្រឹងការត្រួតពិនិត្យជាតិស្រវឹង។ អ្នកសារព័ត៌មាន ក៏ចូលរួមផ្សព្វផ្សាយអំពីប៉ះពាល់នៃការប្រើប្រាស់ គ្រឿងស្រវឹង និងគ្រឿងញៀន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ