សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាបុគ្គលិកអាជ្ញាធរជាតិអប្សរា ក្រោយប្រើហិង្សាទៅលើយុវជនលក់កូនអណ្ដើក
ភ្នំពេញ ៖ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ជាបុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពីប្រើហិង្សាទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាថ្ងៃទី១៣ មករា នេះ ថា «នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី»។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចេញមកបកស្រាយថា ស្ថាប័នខ្លួនមិនគាំទ្រចំពោះករណីប្រើហិង្សា ពេលចុះអនុវត្តការងារដូច្នេះឡើយ និងបានដាក់ពិន័យដល់បុគ្គលិកបង្កហេតុនោះឲ្យចុះកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏ណែនាំឲ្យបុគ្គលិករូបនេះ ទៅសុំទោសឳពុក ម្ដាយ និងកុមាររូបនេះ ដោយផ្ទាល់ផងដែរ។
អាជ្ញាធរជាតិអប្សរា ក៏មិនគាំទ្រ និងមិនទទួលយកបានជាដាច់ខាន នូវរាល់ការប្រើប្រាស់អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឲ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ