ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា រាជរដ្ឋាភិបាល មិនបង្កើតមូលនិធិ ក្នុងការប្រមូលថវិកាពីប្រជាពលរដ្ឋ សម្រាប់កសាងព្រែកជីកហ្វូណន-តេជោ ឡើយ ព្រោះរាជរដ្ឋាភិបាល បានត្រៀមថវិកាបម្រុងរួចហើយ។

សម្ដេចធិបតី បានបញ្ជាក់បែបនេះ ដើម្បីកុំឱ្យមានអ្នកឈ្លាតឱកាស បង្កើតមូលនិធិសម្រាប់ប្រមូលថវិកាពីប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «មានអ្នកសួរមកខ្ញុំ អំពីការចូលរួម ហើយមានបងប្អូនផុសផុលចង់បង្កើតមូលនិធិ ចង់បង្កើតកុង ដើម្បីឱ្យបងប្អូនមានបដិភាគចូលរួម ក្នុងការជួយគាំទ្រនេះ (គម្រោងព្រែកជីកហ្វូណន)។ ខ្ញុំ សូមបញ្ជាក់ពេលនេះ គឺយើងមិនមានតម្រូវការ ដើម្បីបងប្អូនចូលរួមជាថវិកានោះទេ។ រាល់គម្រោងយើង បានគិតគូរអំពីគម្រោងហិរញ្ញវត្ថុ»។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងស្មារតី នៃការគាំទ្រ ហើយនេះជាស្មារតីជាតិនិយម ហើយជាកម្លាំងធំណាស់ ហើយធំជាងថវិកាជាង ១០ពាន់លានទៅទៀត។ កម្លាំងទាំងនេះហើយ ជាកម្លាំងជាតិនិយម ដើម្បីរួមគ្នាធ្វើសម្រាប់ផលប្រយោជន៍ជាតិ ឯករាជ្យ និងភាពម្ចាស់ការ តកូន តចៅ។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា «ខ្ញុំ សូមបញ្ជាក់ ហើយសូមអរគុណណាស់ ចំពោះទឹកចិត្ត តែសូមកុំបង្កើតមូលនិធិ ឬមួយប្រមូលអីនូវថវិកា។ ខ្ញុំ សូមបញ្ជាក់ ក្រែមានអ្នកឆ្លៀតឱកាស អត់មានទេ រដ្ឋាភិបាល អត់មានគម្រោងបង្កើត ឬប្រមូលថវិកាបងប្អូន ដើម្បីគម្រោងនេះទេ ព្រោះមានអ្នកចៃប្រឌិតច្រើន»។

សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ។

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ