សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើអនុវត្តគោលការណ៍ថ្មី របស់ធនាគារជាតិនៃកម្ពុជា ឲ្យបានស្រុះគ្នា ដើម្បីកុំឲ្យមានបញ្ហាការចាយក្រដាសប្រាក់ដុល្លារ នៅខេត្តសៀមរាប ដែលមានសភាពចាស់ ឬប្រឡាក់
ភ្នំពេញ ៖ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា សម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ឲ្យបានស្រុះគ្នា ដើម្បីកុំឲ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់ ជាបន្តទៀត។
ការលើកឡើងរបស់ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសពាក់ព័ន្ធការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ដោយសម្រេចមានយន្តការបន្ទាន់ចំនួន៤ និងយន្តការបន្តទៀត។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ កក្កដា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះ លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប»។
សម្ដេចធិបតី បន្ដថា បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ សម្ដេច ផ្ទាល់ ពេលដែល សម្ដេច ចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។
សម្ដេចធិបតី សង្ឃឹមថា ចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលប់បំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។
សម្ដេច នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា «ខ្ញុំសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឲ្យបានស្រុះគ្នា ដើម្បីកុំឲ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ