ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានព្រមានដកមន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាល ក្នុងករណីបញ្ជាក់ទីលំនៅឋានរបស់ប្រជាពលរដ្ឋ តែផ្ដេសផ្ដាស និងធូររលុង ធ្វើឱ្យពិបាកក្នុងការស្រាវជ្រាវ នៅពេលមានរឿងអ្វីដែរកើតឡើង។

នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងឱ្យដឹងថា ក្នុងករណីបញ្ជាក់ទីលំនៅឋានរបស់ប្រជាពលរដ្ឋ បានច្បាស់លាស់ គឺងាយស្រួលក្នុងការកំណត់អត្ដសញ្ញាណ នៅពេលមានរឿងអ្វីកើតឡើង។  

នាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់ថា «បញ្ហាប្រឈមមួយទៀត ក៏ស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរាជធានី និងខេត្តមួយចំនួន ការបញ្ជាក់លំនៅឋាននេះ គឺបញ្ជាក់តែផ្ដេសផ្ដាស មនុស្សនៅឯណានោះ បញ្ជាក់កន្លែងនឹង ដល់ពេលមានហេតុការកើតឡើង ឆែកទៅតាមនឹង គឺមករកកន្លែងនឹង គឺអត់មាន ទីបំផុតមនុស្សនៅស្វាយរៀង នៅព្រៃវែង នៅរតនៈគិរី មកបញ្ជាក់នៅរាជធានីភ្នំពេញ»។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បន្ដថា «ដូច្នេះសូមឱ្យមន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលមើលកន្លែងនឹង បើយើងមានផុសតាំង ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ អត់មានទុកទៀតទេ បើមិនអញ្ចឹងធ្វើឱ្យការស្រាវជ្រាវ បទល្មើសចរាចរណ៍ បទល្មើសផ្សេងៗទៀត គឺយើងរកឃើញទេ ដោយសារការបញ្ជាក់លំនៅឋាន ធូររលុង ធ្វើតែផ្ដេសផ្ដាស អត់ខ្លាចច្បាប់ ដូច្នេះត្រូវអនុវត្តតាមច្បាប់ដោយម៉ឺងម៉ាត់តែម្ដង»។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បន្ថែមទៀតថា ការបញ្ជាក់ទីលំនៅមិនច្បាស់លាស់នេះ ធ្វើឱ្យជួបការលំបាក់ក្នុងការគ្រប់គ្រងផ្លាកលេខយានយន្ដគ្រប់ប្រភេទ ដូច្នេះគ្រប់ក្រសួង-ស្ថាប័ន្ធ ត្រូវរួបរួមគ្នាធ្វើឱ្យបាន ក្នុងការគ្រប់គ្រងធ្វើផ្លាកលេខយានយន្ដនេះ ដើម្បីងាយស្រួលដល់សមត្ថកិច្ចកំណត់អត្តសញ្ញាណ រយៈតាមផ្លាកលេខ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ