ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤នេះ យ៉ាងហោចណាស់ មានទណ្ឌិត ២៤៥នាក់ ត្រូវបានបន្ធូរបន្ថយទោស។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ លោក គឹម សន្តិភាព បានបញ្ជាក់ថា «ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិត សម្រាប់ទិវាបុណ្យនេះ សរុបចំនួន ២៤៥ នាក់ (ស្រី ២៨ នាក់)»។

លោក រដ្ឋលេខាធិការ បន្ដថា ក្នុងចំណោមទណ្ឌិតទាំង ២៤៥នាក់ ត្រូវបានបន្ថូរបន្ថយទោស រួមមាន៖ បន្ថយទោសរយៈពេល ៣ ខែ ចំនួន ១៧៨ នាក់ (ស្រី ១៨ នាក់), បន្ថយទោសរយៈពេល ៦ ខែ ចំនួន ៥៧ នាក់ (ស្រី ០៩នាក់), បន្ថយទោសរយៈពេល ៩ ខែ ចំនួន ៨ នាក់ (ស្រី ១ នាក់), បន្ថយទោសរយៈពេល ១២ ខែ ចំនួន ១ នាក់ (ស្រី ០០ នាក់), បន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ  ចំនួន ១ នាក់ (ស្រី ០០ នាក់) លើកលែងទោស៖ គ្មាន។
 
ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ បានបញ្ជាក់ជាថ្មីថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើ ដូចជា ៖ ទី១- ចំពោះបទល្មើសទូទៅ រួមមាន៖ ឧក្រិដ្ឋជនគ្រឿងញៀន, អំពើសាហាវយង់ឃ្នង, ករណីមិនរាងចាល, ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ, ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ, ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ។

ទី២- ចំពោះបទល្មើសរំលោភផ្លូវភេទ រួមមាន៖ ជនរងគ្រោះជាអនីតិជនអាយុក្រោម ១៤ឆ្នាំ, ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ, ជនរងគ្រោះជាសាច់សាលោហិត, ករណីរំលោភបូក, ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ