ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ លោក Kyaw Soe Min បានអរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងផ្តល់ជំនួយដល់ប្រទេស និងប្រជាជនមីយ៉ាន់ម៉ាក្នុងអំឡុងពេលកូវីដ-១៩ផងដែរ។ បន្ថែមលើនេះ ឯកអគ្គរដ្ឋទូត បានគោរពរំឭកជូនសម្តេចធិបតី អំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ហើយឯកឧត្តម ក៏បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ជូនលោក ឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺនៅតែបន្តអនុវត្តគោលនយោបាយដូចរាជរដ្ឋាភិបាលនីតិកាលមុនៗ ដោយបន្តនូវការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-មីយ៉ាន់ម៉ា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានគូសបញ្ជាក់សាជាថ្មីអំពីការបន្តភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពល រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ