ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ មីនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី ពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ ដែលពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ដោយមានខ្មែរឥស្លាមចូលរួមប្រមាណ ៦ពាន់នាក់។


វត្តមានរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីពិសារអាហារស្រាយបួស ជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ សម្តេច លើសហគមន៍ខ្មែរឥស្លាម ហើយមិនមាននយោបាយប្រកាន់ ឬរើសអើងការប្រតិបត្តិសាសនិកណាមួយនៅកម្ពុជា នោះឡើយ។


សូមបញ្ជាក់ថា ខែរ៉ាម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូនខ្មែរអ៉ីស្លាមបួស ឬ ជាខែបួស ឬ ក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬ ផឹកនៅពេលថ្ងៃ រយៈពេលមួយខែ។ សម្រាប់ឆ្នាំ២០២៤នេះ ខែរ៉ាម៉ាឌន បានចាប់ផ្ដើមឡើង១២ ខែមីនា ឆ្នាំ២០២៤។


រ៉ាម៉ាឌន ជាខែទី៩ ក្នុងប្រតិទិនចន្ទគតិ នៃសាសនាអ៉ីស្លាម ហើយដែលត្រូវបានចាត់ទុកថា ជាចៅហ្វាយនៃខែឯទៀតៗ។ ដោយសារក្នុងមួយឆ្នាំ នៃប្រតិទិនចន្ទគតិនេះ គឺមាន ១១ថ្ងៃ ខ្លីជាងប្រតិទិនសុរិយាគតិ ធ្វើឲ្យខែរ៉ម៉ាឌន វិលជុំថយក្រោយកាត់តាមរដូវនីមួយៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ