ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ចេញសេចក្ដីណែនាំស្តីពី ការអនុវត្តវិធានការកំណត់សម្រាប់ការប្រើប្រាស់សញ្ញាសូរសព្ទ «ស៊ីផ្លេ» ចំពោះយានយន្តគ្រប់ប្រភេទដែលចរាចរណ៍នៅលើដងផ្លូវ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក «មាត្រា២៨ និងមាត្រា៣០» និងយោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់សញ្ញាសូរសព្ទ «ស៊ីផ្លែ” ក្នុងគោលបំណងទប់ស្កាត់សកម្មភាព អនាធិបតេយ្យ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ក្នុងសេចក្ដីណែនាំនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវយន្តការអនុវត្ត និងណែនាំដល់សមាគម ដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូនទំនិញនិងអ្នកដំណើរ និងអ្នកបើកបរយានយន្តទាំងអស់ ត្រូវចូលរួមសហការ អនុវត្តដូចខាងក្រោម៖

១. ការប្រើប្រាស់សញ្ញាសូរសព្ទ «ស៊ីផ្លែ” ត្រូវអនុញ្ញាតឱ្យប្រើប្រាស់តែនៅពេលថ្ងៃ ដើម្បីឱ្យដំណឹង ដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ និងដើម្បីសុំជែងនៅក្រៅទីប្រជុំជន។

២. នៅពេលយប់សញ្ញាសូរសព្ទ «ស៊ីផ្លែ” ត្រូវជំនួសដោយសញ្ញាភ្លើងហ្វាកូតឆ្លាស់គ្នា សម្រាប់ឱ្យ ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ និងសុំជែង។

៣. សញ្ញាសូរសព្ទ «ស៊ីផ្លែ» ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ លើកលែងតែមាន ការប្រកាសអាសន្ន និងសំឡេង «ស៊ីផ្លែ” ត្រូវកំណត់ក្នុងចន្លោះពី ៩០dB(A) ទៅ ១១៥dB(A)។
 ៤. សញ្ញាសូរសព្ទ «ស៊ីផ្លេខ្យល់» ត្រូវហាមប្រើនៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្យ។

៥. ការបំពាក់សញ្ញាសូរសព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអផ្សេងៗទៀត ក្រៅពីការកំណត់លក្ខណៈបច្ចេកទេស របស់យានជំនិះ ត្រូវហាមឃាត់។

លើសពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សមាគម ដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូនទំនិញនិងអ្នកដំណើរ និងអ្នកបើកបរយានយន្តទាំងអស់ នឹងចូលរួមអនុវត្ត តាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ