ភ្នំពេញ ៖ ឆ្លើយតបនឹងវិបត្តិនៅមជ្ឈឹមបូព៌ា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានអំពាវនាវ ឲ្យមានបទឈប់បាញ់ យូរអង្វែង ជាបន្ទាន់ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីសិទ្ធិរបស់ប្រជាជនអ៊ីស្រាអែល ក្នុងការទទួលបាននូវសន្តិសុខ និង សេចក្តីប្រាថ្នាស្របច្បាប់ របស់ប្រជាជនប៉ាឡេស្ទីន ដែលចង់បាននូវរដ្ឋឯករាជ្យ រស់នៅប្រកបដោយសន្តិភាព និងសន្តិសុខ ជាមួយអ៊ីស្រាអែល ។

ការអំពាវនាវ របស់មេដឹកនាំ កម្ពុជា -បារាំង ធ្វើឡើងក្នុងឱកាសដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី១៨ -១៩ ខែមករា ឆ្នាំ២០២៤ តាមរយៈ សេចក្តីថ្លែងការណ៍រួម នៃកិច្ចសន្ទនារវាងប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស នាថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ ។

ក្នុងនោះ កម្ពុជាបានស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមរបស់បារាំង ដើម្បីសន្តិភាព និងសន្តិសុខ សម្រាប់ទាំងអស់គ្នា ទាក់ទងនឹងវិបត្តិនៅមជ្ឈិមបូព៌ា ។

ភាគីទាំងពីរ បានអំពាវនាវឱ្យមានបទឈប់បាញ់ យូរអង្វែងជាបន្ទាន់ និងឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។ ភាគីទាំងពីរ បានរំលឹក ពីសារៈសំខាន់នៃការគោរពច្បាប់ មនុស្សធម៌អន្តរជាតិ និងអំពាវនាវឱ្យមាន ការសម្របសម្រួលក្នុងការ ផ្តល់ជំនួយ ក៏ដូចជាវិធានការ បន្ទាន់នានា ដើម្បីធានានូវការទទួលបាន ជំនួយមនុស្សធម៌ ពេញលេញ ដោយសុវត្ថិភាព និងគ្មានការរារាំង ព្រមទាំងបញ្ចៀស នូវការបះបោរនានាក្នុងតំបន់។


ភាគីទាំងពីរបាន រំលឹកពីភាពចាំបាច់ក្នុងការប្រឹងប្រែង ចាប់ពីឥឡូវទៅដើម្បីបើកផ្លូវនយោបាយ និងបានបញ្ជាក់ឡើងវិញ អំពីការប្រកាន់ខ្ជាប់របស់ខ្លួន ចំពោះដំណោះស្រាយរដ្ឋពីរ ដែលជាដំណោះស្រាយត្រឹមត្រូវនិងយូរអង្វែងតែមួយគត់ ដើម្បីឆ្លើយតបទៅនឹងសិទ្ធិ របស់ប្រជាជនអ៊ីស្រាអែលក្នុងការទទួលបាននូវសន្តិសុខ និង សេចក្តីប្រាថ្នាស្របច្បាប់ របស់ប្រជាជនប៉ាឡេស្ទីន ដែលចង់បាននូវរដ្ឋឯករាជ្យរស់នៅ ប្រកបដោយ សន្តិភាព និងសន្តិសុខជាមួយអ៊ីស្រាអែល។

ជាមួយគ្នានេះ ភាគីទាំងពីរបានអះអាងជាថ្មី អំពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និង សេរីភាពនៃការធ្វើនាវាចរណ៍ក្នុង និងការហោះហើរឆ្លងកាត់ លើសមុទ្រចិនខាងត្បូង ព្រម ទាំងការដោះ ស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោម តាមគោលការណ៍ទទួលស្គាល់ជាសាកលនៃច្បាប់អន្តរជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ