ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកអនុសាសន៍៧ចំណុច ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកអនុសាសន៍ចំនួន៧ ចំណុចក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តម ប្រធានកិត្តិយសរបស់សហព័ន្ធ បានលើអនុសាសន៍ ដោយចំណុច ទី១គឺសូមឱ្យខាងសហព័ន្ធ ធ្វើយ៉ាងណាជំរុញឱ្យមានការកែលម្អនូវចំណុចខ្សោយ ដែលបានរកឃើញ នាពេលកន្លងមក ដោយត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់កីឡាករ កីឡាការិនីដើម្បីឱ្យឆ្លើយតបតាមតម្រូវការងារទាំងកម្រិតជាតិ និងអន្តរជាតិ។ ចំណែកទី២ សហព័ន្ធត្រូវបន្តបណ្តុះបណ្ដាលធនធានមនុស្ស ទាំងធនធានកីឡាករគ្រប់កម្រិត ទាំងធនធាន គ្រូបង្វឹក អាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេស ដើម្បីដើរអោយទាន់បរិបទសកល និងបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។
សម្រាប់ចំណុចទី៣ ឯកឧត្តម រំលឹកឱ្យសហព័ន្ធបន្តបង្កើនសកម្មភាពប្រកួតឱ្យកាន់តែផុលផុស ទាំងការប្រកួតកម្រិតក្លិប សមាគម តាមបណ្តាខេត្ត ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រុមជម្រើសជាតិ ស្របតាមការគាំទ្រ របស់មហាជននាពេលបច្ចុប្បន្ន និងការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជននិងកីឡា។ ស្រដៀងគ្នានេះដែរ ចំណុចទី៤ គឺសូមឱ្យសហព័ន្ធ សិក្សា ពិនិត្យលទ្ធភាពពង្រឹងសមាគម-ក្លិប តាមបណ្តាខេត្ត ឱ្យបានរឹងមាំ និងរីកដុះដាល កែលម្អ និងកសាងហេដ្ឋរចនាសម្ព័ន្ធប្រកួត ឱ្យបានល្អប្រសើរជាងមុន។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្ថែមថា ចំណុចទី៥ គឺត្រូវលើកទឹកចិត្តសំរាប់ការចូលរួមការប្រកួតរបស់អត្តពលិក យុវជនស្ម័គ្រចិត្ត ពិសេស ដៃគូឧបត្ថមគាំទ្រ និងកៀរគរធនធានរូបវ័ន្ត សំរាប់បម្រើឱ្យការរៀបចំព្រឹត្តិការណ៍ ប្រកួតនានាទាំងថ្នាក់ជាតិ និងអន្តរជាតិ ខណៈចំណុចទី៦ បន្តធ្វើការនិងទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយសហព័ន្ធតំបន់អាស៊ាន អាស៊ី និងពិភពលោក តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាសម្រាប់ការអភិវឌ្ឍ ដើម្បីនាំកម្ពុជាចូលខ្លួនទៅការប្រកួតថ្នាក់អន្តរជាតិនានាដែលខ្ពស់ជាងមុន និង ចំណុចទី៧ ត្រូវខិតខំប្រឹងប្រែង ចូលរួមព្រឹត្តិការណ៍ប្រកួតលើឆាកអន្តរជាតិ ឱ្យបានច្រើនជាងមុន ដើម្បីនាំយកមេដាយ ពានរង្វាន់ និងមោទជាតិជូនកម្ពុជា និងប្រជាជនទាំងមូល។
ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរដល់លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីគ្រប់លំដាប់ថ្នាក់របស់សហព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈ នាពេលកន្លងមក ពិសេសក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា «ការចូលរួមប្រកបដោយឆន្ទៈរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាទាំងអស់ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ពិសេសនៅក្នុងតំបន់អាស៊ានទាំងមូល។ ជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ២០២៣ បានធ្វើឱ្យមជ្ឈដ្ឋានមួយចំនួននឹកស្មានមិនដល់ និងសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា»។
ឯកឧត្តមបន្តថា ជាការពិតជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិមុនៗសម្រេចបាន មិនមែនកើតឡើងដោយកត្តាចៃដន្យនោះឡើយ ប៉ុន្តែបានកើតឡើងដោយសារការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាឱ្យបាននូវសមិទ្ធផលនានា ដែលបានបន្សល់ទុកដោយរាជរដ្ឋា-ភិបាលអាណត្តិមុនៗ ពិសេសសុខសន្តិភាព និងបន្តកសាងសមិទ្ធផលជាស្នាដៃថ្មីៗ បន្ថែមទៀត ដើម្បីវឌ្ឍនភាពសង្គម និងភាពសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ «ជាក់ស្តែងសម្តេចប្រមុខរាជរដ្ឋាភិបាល ធ្លាប់បានលើកឡើង នាពេលកន្លងមកថា ចាប់ពីពេលបច្ចុប្បន្នទៅអនាគត ត្រូវរួមគ្នាកសាង អភិវឌ្ឍន៍ប្រទេស រក្សាអោយបាននូវសុខសន្តិភាព ទប់ស្កាត់កុំឱ្យមានសង្គ្រាមវិលត្រឡប់មកវិញ និងត្រូវប្រឹងរួមគ្នារក្សាសមិទ្ធផលជំនាន់មុន ហើយបន្តប្រឹងប្រែង ដើម្បីបន្សល់សមិទ្ធផលដល់អ្នកជំនាន់ក្រោយ»៕EB