ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានព្រមានបិទអាជីវកម្មលក់ដូរ កែច្នៃបំពាក់សុីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស និងណែនាំឱ្យអ្នកកំពុងប្រើប្រាស់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ។

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ តាមដងផ្លូវសាធារណៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបេីកកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធនឹងការត្រួតពិនិត្យលើការកែច្នៃយានយន្តគ្រប់ប្រភេទ ការបំពាក់សុីផ្លេ និងបំពង់ស៊ីម៉ាំងយានយន្តខុសលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។ កិច្ចប្រនេះជុំបានធ្វើឡើង នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍៣ចំណុច ដោយទី១ ណែនាំដល់អ្នកដែលបានប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេស ត្រូវរួសរាន់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ ទី២ ណែនាំដល់ម្ចាស់អាជីវកម្មលក់ដូរបំពង់ស៊ីមុំាង និងស៊ីផ្លេដែលខុសបច្ចេកទេសត្រូវបញ្ឈប់ការលក់ដូរ និង៣ ណែនាំដល់ម្ចាស់យាន្តដ្ឋាននានាក្នុងរាជធានីភ្នំពេញត្រូវបញ្ឈប់ការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេស ដើម្បីកុំឱ្យរងការផាកពិន័យ ឬឈានទៅបិទអាជីវកម្ម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងនាពេលដ៏ខ្លីខាងមុខ។

លោក ឃួង ស្រេង បានថ្លែងថា ការប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេសនេះ គឺបានបង្កការរំខានយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណ នៅតាមដងផ្លូវ ដែលសមត្ថកិច្ចត្រូវតែពង្រឹងការផាក និងពិនិត្យឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។ អភិបាលរាជធានី ក៏បានណែនាំឱ្យចេញសារចរណែនាំមួយ ដោយហាមអ្នកលក់ដូរទាំងអស់ត្រូវបញ្ឈប់ការលក់ដូរ បំពង់ស៊ីមុំាងកែច្នៃ និងស៊ីផ្លេខុសបច្ចេកទេស ហើយបើមិនអនុវត្តតាម នឹងត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ដោយប្រមូលរបស់របរខុសចប្ចេកទេសទាំងនោះទៅរក្សាទុក និងអាចឈានទៅបិទអាជីវកម្មតែម្តង។

បន្ថែមពីលើនេះទៀតក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង សេ្រង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធត្រួតពិនិត្យឡើងវិញចំពោះអាជីវកម្មក្លឹបកំសាន្ត ក៏ដូចជាប៊ៀរហ្គាឌិនជាដើម ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ។ ដោយឡែកចំពោះល្បែងស៊ីសងគ្រប់ប្រភេទក៏ត្រូវតែបង្ក្រាបឱ្យអស់ពីមូលដ្ឋានរបស់ខ្លួនផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ