ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានពន្យល់ច្បាស់អំពីបច្ចេកទេសនៃការកសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ទាំងការវាស់វែង និងការស្រាវជ្រាវរបស់មន្រ្តីជំនាញ ដោយផ្អែកលើអង្គហេតុដែលបានកើតឡើង ពោលគឺគ្មានឡើយការប្រកាន់ទស្សនៈបែបសន្មត់ថា «អាធំចាំតែខុស អាតូចដឹងតែពីត្រូវ» ដូចដែលមហាជនមួយចំនួនបាននិយាយតៗគ្នានោះឡើយ។

បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ការសន្មត់ថា «អាធំចាំតែខុស អាតូចដឹងតែពីត្រូវ» គឺជាការយល់ខុសបណ្ដាលមកពីកង្វះការយល់ដឹងលើការបំពេញតួនាទីរបស់មន្រ្តីជំនាញ ដូចជាការចុះទៅវាស់វែង ការស្រាវជ្រាវ ការធ្វើរបាយការណ៍ និងការរៀបចំសំណុំរឿង នៃករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង។ លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនសាធារណជនថា គ្រោះថ្នាក់ចរាចរណ៍ជារឿងសត្យានុម័ត គឺហេតុបែបណា ផលបែបហ្នឹង! អ៊ីចឹងសមត្ថកិច្ចមិនមែនអនុវត្តដូចគាត់ថា ឡានធំដឹងតែពីខុសនោះទេ! អង្គហេតុនៃគ្រោះថ្នាក់នឹងបញ្ជាក់ច្បាស់ថាគ្រោះថ្នាក់វាកើតឡើងយ៉ាងម៉េច»?

តើមន្រ្តីនគរបាលចរាចរណ៍កសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូចម្ដេច? លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ត្រួសៗថា មានឯកសារចំនួន៣៦ដែលមន្រ្តីត្រូវបំពេញ ជាអាទិ៍ ស្ថានភាពនៃការបើកបរ ការប្រើប្រាស់បណ្ណបើកបរ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនិងគ្រឿងញៀន រួមទាំងការធ្វើតេស្តនិងការវាស់វែងនៅហ្នឹងកន្លែងជាដើម។ លោកឧត្តមសេនីយឯកបន្ថែមថា «ការវាស់វែង គឺដើម្បីដឹងថាគាត់បើកបរត្រឹមត្រូវឬអត់? ចូលចំណែកផ្លូវគេឬអត់? ប្រើល្បឿនកម្រិតណា? ដើម្បីដឹងពីល្បឿនបើកបរ សមត្ថកិច្ចនឹងគណនាទំហំនៃការខូចខាត ស្នាមហ្វ្រាំងលើផ្លូវក៏អាចគណនាដឹងពីល្បឿនដែរ គឺមិនដូចបងប្អូនថាឡានធំដឹងតែខុសនោះទេ»។

ទន្ទឹមនឹងភាពច្បាស់លាស់នៃការបំពេញសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដោយមន្រ្តីជំនាញ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ក៏បានព្រលយឱ្យដែរថានៅពេលឡើងដល់ស្ថាប័នតុលាការ ចៅក្រម ក៏មិនសម្រេចសេចក្ដីអាស្រ័យលើយានយន្តតូចឬធំនោះដែរ ពោលគឺការវិនិច្ឆ័យក៏ផ្អែកលើអង្គហេតុដែលសមត្ថកិច្ចបានកសាងបញ្ជូនទៅ រួមទាំងការប្រមូលព័ត៌មានពីសាក្សី និងភស្តុតាងពាក់ព័ន្ធ។

លោក បន្តថា «ទន្ទឹមនេះ ក្នុងចំណែកនៃការបង្កើនភាពច្បាស់លាស់ យើងក៏អាចប្រមូលព័ត៌មានចេញពីកាមេរ៉ាសុវត្ថិភាព និងកាមេរ៉ាបំពាក់តាមយានយន្ត ទាំងយានយន្តជួបគ្រោះថ្នាក់ និងយានយន្តផ្សេងទៀតដែលឆ្លងកាត់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ