ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាចប់អាណត្តិ បានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈផ្លាស់ប្តូរព័ត៌មានឱ្យបានជាក់លាក់។

ភាគីទាំងពីរ បានលើកឡើងបែបនេះ ក្នុងជំនួបសម្ដែងការគួរសម នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវត្តមាន ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញចូលជួប ដើម្បីសម្តែងការគួរសម និងជម្រាបលា។

លោក ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា បានផ្តល់កិច្ចសហការជាមួយកងកម្លាំងអនុវត្តច្បាប់របស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដែលមានក្រុមការងារ Task Force ជាយន្តការដឹកនាំ សម្រេចបានលទ្ធផលជាច្រើនគួរឲ្យកត់សំគាល់ ទន្ទឹមនោះ ក៏ថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា បានផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាព ដល់បុគ្គលិគស្ថានទូត ក៏ដូចជានិវេសនដ្ឋានទូត ព្រមទាំងពលរដ្ឋអាមេរិក ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត ក៏បានកោតសរសើរ និងថ្លែងអំណរគុណអំពីការមើលឃើញពីភាពជាក់ស្តែង នៃកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ក៏បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានឲ្យបានជាក់លាក់ និងច្បាស់លាស់ដើម្បីឈានទៅធ្វើការទប់ស្កាត់ និងបង្ក្រាប ពិសេសធ្វើការកាត់ទោសខ្សែរយៈបណ្តាញដែលនៅពីក្រោយបទល្មើសទាំងអស់នេះផងដែរ។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ បានឯកភាពគ្នាពាក់ព័ន្ធ និងការបង្កើតកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសដោយផ្តោតទៅលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញ ដែលពាក់ព័ន្ធដល់មន្ត្រីនគរបាលជាតិកម្ពុជា ដោយចំណុចនេះ ភាគីអាមេរិក នៅតែបន្តជួយគាំទ្របណ្តុះបណ្តាលដល់មន្ត្រីនគរបាលជាតិកម្ពុជា ទាំងវគ្គបណ្តុះបណ្តាលក្នុងប្រទេស និងក្រៅប្រទេស ដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ