ភ្នំពេញ ៖ ជនជាតិចិន៣នាក់ ក្នុងចំណោមបក្សពួក១២នាក់ សង្ស័យចាប់ជម្រិតជនជាតិចិនដូចគ្នា២នាក់ ជម្រិតទារប្រាក់ជាង ៦ម៉ឺនដុល្លារ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន។

ការឃាត់ខ្លួនជនជាតិចិននេះបានធ្វើឡើងនៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវក្នុងបុរីញូវថោន ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ហេតុការណ៍នេះ បានកើតឡើងនៅឯក្នុងខណ្ឌដូនពេញឯណោះទេ ពុំមែនកើតឡើងនៅក្នុងខណ្ឌពោធិ៍សែនជ័យនោះឡើយ ប៉ុន្តែពុំទាន់ដឹងថានៅវេលាម៉ោងប៉ុន្មាននិងនៅថ្ងៃណានោះទេ។ ដោយក្រុមជនសង្ស័យ១ក្រុមខាងលើបានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នាចំនួន២នាក់ ចេញពីក្លឹបលេខ៩អន្តរជាតិ (CLUB NINE ) ដែលមានទីតាំងស្ថិតនៅតាមផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយមកក្រុមជនសង្ស័យបាននាំយកជនរងគ្រោះ ទៅលាក់ទុកនៅចំណុចផ្ទះជួលក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជម្រិតទារប្រាក់ចំនួនជាង៦ម៉ឺនដុល្លារ។ ប៉ុន្តែគេនៅពុំទាន់ដឹងថា ជាករណីចាប់ជម្រិត ឬក៏ជាករណីដែលជនរងគ្រោះជំពាក់លុយជនសង្ស័យមិនព្រមសង ទើបត្រូវក្រុមជនសង្ស័យចាប់ជម្រិតទារលុយនោះឡើយ។

ដោយឡែកកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ ក្រោយទទួលបានពាក្យបណ្ដឹងអំពីករណីនេះហើយ ក៏បានធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធ GPS ដែលបំពាក់នៅរថយន្តអាល់ផាត១គ្រឿង របស់ជនសង្ស័យ។

ទើបដឹង ពីទីតាំងលាក់ខ្លួន ហើយសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការឃាត់ខ្លួនតែម្ដងចំនួន៣នាក់តែម្ដង។ ប៉ុន្តែបក្ខពួកជនសង្ស័យ ៣នាក់រត់គេចខ្លួនបាត់ ហើយនគរបាលដកហូតរថយន្តម៉ាកឡង់គ្រីស័រ ១គ្រឿង និងរថយន្តតូយ៉ូតាអាល់ផាត១គ្រឿង រួចនាំទៅធ្វើការសាកសួរ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ