ស្វាយរៀង ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍន៍ភាព នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលមានលេខាធិការដ្ឋាន ជាសេនាធិការបានសហការ ជាមួយកងកម្លាំងមានសមត្ថកិច្ច មន្ទីរ-អង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បាន ធ្វើសកម្មភាពផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងពីគ្រឿងញៀន និងខ្លឹមសារផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ទាំងនៅតាមវេទិកាសាធារណៈ គោលដៅភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ចុះផ្សព្វផ្សាយអប់រំ តាមគ្រឹះស្ថានសិក្សា វត្តអារាម និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ បានចំនួន១,៦០៣លើក សរុបអ្នកទទួលបានការអប់រំចំនួន ៧២,១៥៩អង្គ-នាក់ ព្រមទាំងបានចុះបិទខិត្តប័ណ្ណផ្សព្វផ្សាយ វិធានការដ្ឋបាល និងធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មដែលងាយរងគ្រោះ សរុប១៥៤ទីតាំង។

លោក ប៉េង ពោធិ៍សា បានបន្ដថា ទន្ទឹមនឹងការខិតខំយកចិត្តទុកដាក់អនុវត្តវិធានការផ្សព្វផ្សាយអប់រំ និងវិធានការរដ្ឋបាល កម្លាំងអនុវត្តច្បាប់ទាំងអស់ រួមមាន កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ដោយក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ បានចុះប្រតិបត្តិការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន បង្ក្រាបបទល្មើសប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់ សរុប៦២លើក (ក្នុងនោះករណីប្រើប្រាស់គ្រឿងញៀន៣លើក ករណីជួញដូរគ្រឿងញៀន ៥២លើក អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន៧ដីកា) ឃាត់ខ្លួនជនសង្ស័យសរុប១៣១នាក់ ស្រី២៥នាក់ បានដកហូតថ្នាំញៀនស៊ីរុប ១៣,៥៩២.០១ក្រាម។

ដោយឡែក វិធានការព្យាបាល និងស្តារនីតិសម្បទា ក្នុងរយៈពេល៤ខែមកនេះ ដោយមានការសំណូមពរពីឪពុកម្ដាយ និងអាណាព្យាបាល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ បានបញ្ចូនអ្នកញៀនគ្រឿងញៀន សរុប៣លើក មនុស្ស៣នាក់ ទៅបន្សាប និងព្យាបាលនៅមជ្ឈមណ្ឌលបន្សាប និងស្ដារនីតិសម្បទាព្រែកឯង ខេត្តកណ្តាល ០១នាក់ នៅ មណ្ឌលបន្សាប និងស្តារនីតិសម្បទាឱកាសខ្ញុំ រាជធានីភ្នំពេញ ០១នាក់ និងនៅមណ្ឌល ព្យាបាល និងស្ដារនីតិសម្បទា ខេត្តព្រៃវែង ០១នាក់។

បច្ចុប្បន្នខេត្តស្វាយរៀង ពុំទាន់មានមជ្ឈមណ្ឌលបន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅឡើយទេ ប៉ុន្តែយើងមានទីតាំងសម្រាប់ព្យាបាល និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន បណ្ដោះអាសន្នចំនួន១០ទីតាំង ក្នុងនោះ មន្ទីរពេទ្យបង្អែក ចំនួន ៥ទីតាំង និងមណ្ឌលសុខភាព ចំនួន ៥ទីតាំង។ ជាគម្រោងការ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តវិធានការនេះ បច្ចុប្បន្នរដ្ឋបាលខេត្តក៏បាននិងកំពុងពិនិត្យលទ្ធភាព និងសិក្សា រៀបចំបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះផងដែរ ដែលបានធ្វើការជ្រើសរើសទីតាំងរួច ហើយនៅស្រុករមាសហែក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ