នាយឧត្តមសេនីយ៍ ស ថេត សំណូមពរកងកម្លាំងនគរបាលជាតិ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្តូរផ្តាច់ការពាររាជរដ្ឋាភិបាល
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តូរផ្តាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពអត់ធ្មត់។
តាមរយៈសារលិខិតជូនពររបស់ នាយឧត្តមសេនីយ៍ ស ថេត ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ឧសភា នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះវីរភាព ដ៏អង់អាចក្លាហាន ដែលបង្កើតបានស្នាដៃប្រកបដោយមោទនភាពរបស់កងកម្លាំងនគរបាលជាតិ និងគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិទាំងអស់ បន្តនូវស្មារតី និងឆន្ទៈមុតស្រួចរបស់ខ្លួន ដើម្បីឧត្តមប្រយោជន៍ជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ ស ថេត បន្ដថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីនាំប្រទេសជាតិយើងឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសេចក្តីចម្រុងចម្រើន ប្រកបដោយ សុខុមាលភាព និងវិបុលភាព ដែលយុទ្ធសាស្ត្រប្រកបដោយអាទិភាពនេះ នឹងអាចសម្រេចជោគជ័យទៅបាន ល្គឹកណាមានការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពពីគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាបរិស្ថានគ្រប់ដណ្តប់ និងជាបុព្វបទស្នួល ដែលមន្ត្រី នគរបាលជាតិគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ជាតួអង្គប្រតិបត្តិករទទួលខុសត្រូវចំពោះភារកិច្ចដ៏ថ្លៃថ្លា និងវិសេសវិសាលនេះ។
ក្នុងន័យដ៏មានសារៈសំខាន់ដូចពោលខាងលើនេះ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា «ខ្ញុំសូមសម្តែងនូវក្តីសង្ឃឹមប្រកបដោយ សុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតមាំចំពោះឆន្ទៈ មនសិការស្នេហាជាតិ និងភក្ដីភាពចំពោះជាតិមាតុភូមិ របស់បងប្អូន និងសំណូមពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តូរផ្តាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៍ និងវិជ្ជាជីវៈខ្ពស់»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ