ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១៥ សីហា នេះ លោក Masahiko Metoki អគ្គនាយក នៃសហភាពប្រៃសណីយ៍សកល (UPU) បានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ នៅកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ លោក អគ្គនាយក បានកោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ នៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ដែលមានការចូលរួមពី UPU និងប្រទេសជប៉ុន។

លោកអគ្គនាយក បានគូសបញ្ជាក់ថា ជោគជ័យនៃគម្រោងនេះ គឺដោយសារកម្ពុជាមានឆន្ទៈ ក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យនេះ និងបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយក្នុងកិច្ចប្រឹងប្រែងធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ ។

លោកអគ្គនាយក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ការណ៍នេះ គូសបញ្ជាក់ថា «កម្ពុជាយកចិត្តទុកដាក់លើសារៈសំខាន់ នៃការកសាងបណ្តាញប្រៃសណីយ៍»។

សម្តេចធិបតី នាយករដ្ឋមន្ដ្រី បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ UPU ក្នុងការធ្វើទំនើបកម្មក្នុងវិស័យប្រៃសណីយ៍ នៅកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស និងបានលើកទឹកចិត្តឱ្យសហភាព UPU បន្តកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះធ្វើ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងសមត្ថភាពក្នងវិស័យប្រៃសណីយ៍ ជាមួយកម្ពុជា បន្តទៀត។

ជាការឆ្លើយតប  លោកអគ្គនាយក ក៏បានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ នៅកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ