ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសង្កេតឃើញថា និន្នការ នៃការចម្លងជំងអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា) នៅប្រទេសកម្ពុជា មានការកើនឡើង ស្របគ្នានិងនិន្នាការលើសកលលោក។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩-១០ កុម្ភៈ បានបញ្ជាក់ថា មានករណីជំងឺអ៊ឹមផក (Mpox) ចំនួន ៣ករណីបន្ថែមទៀត មានទីលំនៅនៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអ៊ឹមផក ដែលបានរកឃើញសរុបមានចំនួន ៩ករណី។
ក្រសួងសុខាភិបាល សង្កេតឃើញថា «និន្នាការនៃការចម្លងជំងឺអ៊ឹមផក នៅព្រះរាជាណាចក្រកម្ពុជា យើងមានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអ៊ឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេស ចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអ៊ឹមផកសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់ នៅលើពិភពលោក»។
ជុំវិញករណីខាងលើនេះ ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែង យល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់។
សូមបញ្ជាក់ថា វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផក និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាបាន កែវទឹក។ វីរុសអុតស្វា ឆ្លងពីម្ដាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអ៊ឹមផក៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ