សមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ ឆ្មក់ចូលបង្រ្កាបចាប់ និងរំដោះនារី ដែលមិនទាន់គ្រប់អាយុចេញពីទីតាំងខារ៉ាអូខេ ១កន្លែង ក្នុងស្រុកសំរោងទង
កំពង់ស្ពឺ ៖ រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយបានទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំផ្ទាល់ពីលោកស្រីឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងបានកិច្ចដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ចក សម្បត្តិ ព្រះរាជអាជ្ញារង អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ រួមជាមួយក្រឡាបញ្ជីនិងមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្ដិការឆ្មក់ចូលបង្រ្កាបរំដោះនារីក្មេងៗមិនទាន់គ្រប់អាយុនៅក្នុងទីតាំងខារ៉ាអូខេ ១កន្លែងដែលមាន យីហោ បុប្ផាថ្មី ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជាក់ស្តែងទីតាំងខាងលើ សមត្ថកិច្ចរកឃើញថាពិតជាបានទទួលយកនារីក្មេងៗមិនទាន់គ្រប់អាយុអោយចូលមកបម្រើការនៅទីតាំងខារ៉ាអូខេពិតប្រាកដមែន និងអាចមានការសង្ស័យលួចអនុញ្ញាតអោយផ្ដល់សេវារួមភេទដល់ភ្ញៀវផងដែរ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញអ្នកពាក់ព័ន្ធចំនួន៥នាក់ ដែលអាចមានការពាក់ព័ន្ធបើកទីតាំងខាងលើ (ក្នុងពេលប្រតិបត្ដិការគឺអ្នកទាំង ៥មានវត្ដមានឋិតក្នុងទីតាំង)។
បច្ចប្បន្នកម្លាំងសមត្ថកិច្ចនគរបាលបានកំពុងដំណើរការនីតិវិធីសាកសួរលើបុគ្គលសង្ស័យទាំង៥ ក្នុងការរកឱ្យឃើញអ្នកទទួលខុសត្រូវ និងបន្ដចំណាត់ការដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ