លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កាលពីថ្ងៃទី០១ ខែមេសាកន្លងទៅ បានចេញសេចក្ដីណែនាំស្ដីពីវិធានការ ក្នុងការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានដាក់ចេញការណែនាំចំនួន៤ចំណុច ក្នុងនោះរួមាន៖
*ទី១៖ ការប្រើប្រាស់ឧបករណ៍ធ្វើតេស្ដ
*ទី២៖ អំពីរបៀបក្នុងការធ្វើតេស្ដ
*ទី៣៖ អំពីការបញ្ជាក់លទ្ធផលតេស្ដ
*ទី៤៖ ចំណាត់ការចំពោះអ្នកវិជ្ជមានសារធាតុញៀន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានប្រកាសដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ រយៈពេលមួយឆ្នាំ២០២៤ ពោលចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ការដាក់ចេញយុទ្ធនាការលើកទី៩នេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក កងកម្លាំងអនុវត្តច្បាប់ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែង យ៉ាងសកម្មផុលផុស តស៊ូប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនយ៉ាងក្ដៅគគុក ដូចភ្លៀងរលឹម ដោយទទួល បានលទ្ធផលគួរឲ្យកត់សម្គាល់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ