សហរដ្ឋអាមេរិក នឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យការពារជាតិ
ភ្នំពេញ ៖ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោករដ្ឋមន្រ្តីការពារជាតិ ក៏បានបញ្ជាក់ផងដែរថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលលើកទី១ ឯកឧត្តមបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកកាលពីឆ្នាំ២០២២ ។ ក្នុងដំណើរទស្សនកិច្ចលើកទី២ នេះ លោកមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនដែលប្រទេសទាំងពីរអាចធ្វើការរួមគ្នា ជាពិសេសលើវិស័យការពារជាតិ ដោយសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែប្រសើរបន្ថែមទៀត។
លោករដ្ឋមន្រ្តីការពារជាតិ ក៏បានបង្ហាញក្តីសោមនស្សរីករាយក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើជាប្រទេសសម្របសម្រួលកិច្ចសន្ទនាការពារជាតិ អាមេរិក-អាស៊ាន ក្នុងឆ្នាំ២០២៤ នាពេលខាងមុខនេះ។ បន្ថែមលើនេះ លោករដ្ឋមន្ត្រីការពារជាតិ ក៏បានសម្តែងនូវការកោតសរសើរអំពីជំនាញបោសសម្អាតមីនរបស់កងទ័ពកម្ពុជា ហើយឯកឧត្តមមានជំនឿជាក់ថា សហរដ្ឋអាមេរិក និងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីននេះបន្ថែមទៀត។ លោក រដ្ឋមន្ត្រីការពារជាតិ ក៏បានគូសបញ្ជាក់អំពីការផ្លាស់ប្ដូរនូវកិច្ចពិគ្រោះយោបល់ និងការផ្លាស់ប្ដូរទស្សនៈររវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីមកព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យការពារជាតិ។
ជាមួយគ្នានេះ សម្តេចធិបតី ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិនឹងផ្ដល់នូវកាលានុវត្តភាពថ្មីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដែលរួមមាន ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ជាដើម។
សម្ដេចធិបតី និងរដ្ឋមន្ត្រីការពារជាតិ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ សម្ដេចធិបតី និងរដ្ឋមន្ត្រីការពារជាតិ ក៏បានពិភាក្សាគ្នាផងដែរអំពីយន្តការនានាសំដៅរៀបចំកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និង ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-សហរដ្ឋអាមេរិក៕