ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ កក្កដា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការស្លាប់ ២ករណីបណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត។

ក្នុងសេចក្ដីប្រកាស បានឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពី ការពុលដោយបរិភោគត្រីក្រពត បន្ទាប់ពីមានករណីពុលត្រីក្រពតចំនួន ៧នាក់ នៅខេត្តកំពង់ឆ្នាំងត្រូវបាន ជួយសង្គ្រោះទាន់ពេលវេលា។

ក្រសួង បញ្ជាក់ថា «ប៉ុន្តែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានបុរស ១នាក់ នៅខេត្តឧត្តរមានជ័យ បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់បន្ថែមទៀត នៅ ខេត្តកំពង់ឆ្នាំង ក៏បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតផងដែរ (បុរសនេះមិនមែនក្នុងចំណោមករណីទាំង៧ នាក់មុនទេ)»។

ក្រសួងសុខាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវ និងធ្វើការក្រើនរំលឹក បងប្អូនពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យ បាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុង ខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ