សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាធ្វើឱ្យព្រែកជីកហ្វូណន ចេញរូបរាងឱ្យបាន ខណៈរាជរដ្ឋាភិបាល មិនបង្កើតមូលនិធិសម្រាប់គម្រោងនេះឡើយ
ព្រះសីហនុ ៖ ថ្លែងចេញពីខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅចំពោះមុខកម្មកររាប់ពាន់នាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសប្ដេជ្ញាធ្វើឲ្យបាននូវគម្រោងព្រែកជីកហ្វូណនតេជោទោះបីជាមានការរារាំងពីបណ្តាប្រទេសមួយចំនួនក៏ដោយ ខណៈរាជរដ្ឋាភិបាលមិនបង្កើតមូលនិធិសម្រាប់គម្រោងនេះឡើយ។
បើតាម សម្ដេចធិបតី គម្រោងព្រែកជីកហ្វូណនតេជោ អាចនឹងបើកការរដ្ឋានសាងសង់ នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។
«ចំពោះព្រែកជីកហ្វូណន ដាច់ខាតត្រូវតែធ្វើឲ្យបាន គេសួរខ្ញុំហើយ ខ្ញុំសូមបញ្ជាក់ម្ដងទៀត ទីមួយរាជរដ្ឋាភិបាល អត់មានគម្រោងដើម្បីរ៉ៃអង្គាសពីបងប្អូនទេ។ មានបងប្អូនខ្លះ គាត់ចង់បង្កើតមូលនិធិ បង្កើតកុង ដើម្បីទទួលយកថវិកាពីប្រជាពលរដ្ឋ ព្រោះបងប្អូនខ្លះគាត់ចង់បរិច្ចាគ»។ នេះជាប្រសាសន៍សម្តេចក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃ១ ឧសភា។
សម្ដេចធិបតី បានសង្កេតឃើញថា ទោះបីប្រទេសខ្លះ និងបុគ្គលហាក់សម្តែងការរារាំង ប៉ុន្តែមានសន្ទុះយ៉ាងច្រើនពីប្រជាពលរដ្ឋគាំទ្រគម្រោងព្រែកជីកហ្វូណន។ លើសពីនេះ សម្ដេចថា កាលពីថ្ងៃ៣០មេសា សម្ដេច បានជួបអ្នកវិភាគម្នាក់ គាត់បានលើកឡើងថា «មិនដែលឃើញគម្រោងណាមួយ មានចលនាជាតិនិយម នៅពីក្រោយ ពីគម្រោងគម្រោងព្រែកជីកហ្វូណននេះទេ»។
ឆ្លើយតបការចោទថា កម្ពុជាខ្ចីលុយចិន ដើម្បីជីកព្រែកហ្វូណនតេជោ សម្ដេច នាយករដ្ឋមន្ត្រីថា កម្ពុជា គឺចាប់ដៃគូរជាមួយក្រុមហ៊ុនឯកជនចិន ដើម្បីយកថវិកាជីកព្រែកជីកហ្វូណន មិនមែនខ្ចីលុយរដ្ឋចិន ដើម្បីមកជីកទេ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋគ្រប់ទើសទី បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឲ្យសម្រេចបាននាពេលអនាគត។
គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕