ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថាបច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីស្នូលនៅគ្រប់ទិដ្ឋភាព សកម្មភាពសេដ្ឋកិច្ច និងសង្គម ដែលញ៉ាំងឱ្យប្រតិបត្តិការការងារមានភាពសម្បូរបែប ប្រសិទ្ធភាព និងផលិតភាពកាន់តែល្អប្រសើរ ដែលត្រូវបានហៅថា "បរិវត្តកម្មឌីជីថល"។

ខណៈពេលដែលប្រជាពលរដ្ឋចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារ និងការរស់នៅប្រចាំថ្ងៃ ត្រូវបានហៅថា " ពលរដ្ឋឌីជីថល " , រីឯការពង្រឹងសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស ចំណេញពេលវេលាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលត្រូវបានហៅថា " រដ្ឋាភិបាលឌីជីថល "។

ដូច្នេះ ដើម្បីត្រៀមខ្លួន និងចូលរួមក្នុងការប្រែក្លាយជាពលរដ្ឋឌីជីថលដ៏ល្អ ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមលើកយកចំណុចសំខាន់ៗដែលពលរដ្ឋឌីជីថលត្រូវចូលរួមអនុវត្ត រួមមាន ៖

- ការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលប្រកបដោយជំនឿទុកចិត្ត និងសុវត្ថិភាពខ្ពស់ទន្ទឹមនឹងការរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ

- ការការពារឯកជនភាពជារឿងសំខាន់ តាមរយៈការកំណត់ព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គមនានា

- ការចេះការពារខ្លួនចំពោះការបោកប្រាស់តាមអ៊ីនធឺណិត ការប៉ុនប៉ងបន្លំ ឬការគំរាមកំហែងនានាតាមប្រព័ន្ធអ៊ីនធឺណិត

- ការផ្សព្វផ្សាយ ឬរំលែកនូវព័ត៌មាននៅលើបណ្តាញសង្គម (Post/Share) ប្រកបដោយក្រមសីលធម៌ និងភាពត្រឹមត្រូវ ហើយជៀសវាងការចែករំលែកនូវព័ត៌មានមិនពិត ឬបង្កចលាចលដល់សង្គម

- ការចេះរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចនៅពេលដែលជួបប្រទះបទល្មើសបច្ចេកវិទ្យាលើបណ្តាញសង្គម

- ភាពជាអ្នកដឹកនាំឌីជីថល អប់រំបណ្តុះបណ្តាល និងអភិវឌ្ឍន៍ប្រមូលផ្តុំធនធានមនុស្សមានទេពកោសល្យឌីជីថល

ដូចនេះ ដើម្បីក្លាយជាពលរដ្ឋឌីជីថលដ៏ល្អ គឺផ្តោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធ្វើឱ្យប្រភពនៃឌីជីថលក្នុងសង្គមកាន់តែមានភាពល្អប្រសើរសម្រាប់មនុស្សគ្រប់ៗគ្នា៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ