ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា និងធ្វើការស្រាវជ្រាវករណីចេញដីកាបង្គាប់ឲ្យដោះលែងរបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែងចេញលិខិតដោះលែង ដោយមិនបានធ្វើលិខិតប្រគល់-ទទួល ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប។

សម្រេច៖
ប្រការ១- ត្រូវបានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូង ខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ។

ប្រការ២- គណៈកម្មការចំពោះកិច្ចនេះមានភារកិច្ចដូចខាងក្រោម៖ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ដែល លួចឆ្លងដែនខុសច្បាប់ចូលព្រះរាជាណាចក្រកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល -ដឹកនាំសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្រាវជ្រាវករណីចេញដីកាបង្គាប់ឱ្យដោះលែងរបស់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែងចេញ លិខិតដោះលែង ដោយមិនបានធ្វើលិខិតប្រគល់-ទទួលជនជាតិចិនឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ធ្វើរបាយការណ៍បូកសរុបអំពីលទ្ធផលនៃការស្រាវជ្រាវជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់ថ្នាក់ដឹកនាំ៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ