ភ្នំពេញ ៖ លោក ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចាប់ផ្ដើមសាងសង់នៅ ឆ្នាំ២០២៥ ។
ការឱ្យដឹងនេះ ធ្វើឡើងក្នុងឱកាស សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោកឯកអគ្គរដ្ឋទូត រូបនេះ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ សម្ដេចតេជោ ហ សែន សង្ឃឹមថា នឹងបានឃើញដោយផ្ទាល់ភ្នែក ក្នុងពេលឆាប់ៗខាងមុខនូវ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលសម្តេចជាអ្នកស្នើរឡើង ដោយផ្ទាល់។
ទាក់ទងនឹង គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ លោកឯកអគ្គរដ្ឋទូត បានគោរពជម្រាបជូន សម្ដេចតេជោថា លោក តែងតែតាមដានដំណើរការនេះ យ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថា ការរៀបចំសាងសង់ស្ពាននេះ មានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលា ចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ ខាងមុខនេះ។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានចុះហត្ថលេខា រួចហើយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ