ធនាគារពិភពលោក ៖ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា កើនដល់ ៥.៨% នៅឆ្នាំ២០២៤ និង ៦.១% នៅឆ្នាំ២០២៥ ដោយសារការនាំចេញទំនិញ និងសេវាកម្ម
ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ច ត្រូវបានរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥.៦% ក្នុងឆ្នាំ២០២៣ ទៅ ៥.៨% នៅឆ្នាំ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀត នៅកម្រិត៦.១% នៅឆ្នាំ២០២៥ ដោយសារការនាំចេញទំនិញ និងសេវាកម្ម។
យោងតាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ថា សកម្មភាពសេដ្ឋកិច្ចកម្ពុជា បានកើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។
បើតាមរបាយការណ៍, កំណើនសេដ្ឋកិច្ច ត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥.៦% ក្នុងឆ្នាំ២០២៣ ទៅ៥.៨% នៅឆ្នាំ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀត នៅកម្រិត៦.១% នៅឆ្នាំ២០២៥ និង៦.៤% នៅឆ្នាំ២០២៦ ដោយសារការប្រសើរឡើងវិញ លើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញ នៃការមកដល់របស់ភ្ញៀវទេសចរ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្ដារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន»។
លោកស្រី បន្តថា «កម្ពុជា អាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្ម នៅតាមព្រំដែន ធ្វើឲ្យការផ្គត់ផ្គង់ថាមពល កាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ»។
ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ មានការប្រសើរឡើងនៅក្នុងត្រីមាសទីមួយដែលឈានដល់កម្រិត ៨៤% នៃការមកដល់មុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង បានស្ទុះងើបឡើងវិញ ខណៈដែលការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ជាពិសេសទំនិញកសិកម្ម នៅតែមានភាពធន់ល្អ។ សមាគប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន បានក្លាយជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក។ ការកើនឡើងនៃការវិនិយោគពីបរទេសក្នុងវិស័យផលិតកម្ម និងកសិកម្ម ក៏បានរួមចំណែកដល់ការងើបឡើងវិញនេះផងដែរ។ អតិផរណាបានធ្លាក់ចុះដល់សូន្យក្នុងខែមីនា ដោយសារតម្លៃម្ហូបអាហារបានធ្លាក់ចុះ ខណៈដែលគណនីចរន្តបានកត់ត្រានូវអតិរេកដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ ២០២៣ ដោយសារ ឱនភាពពាណិជ្ជកម្មរួមតូច និងការកើនឡើងនៃភ្ញៀវទេសចរ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សកម្មភាពក្នុងវិស័យសំណង់នៅតែមានតិចតួច ខណៈដែលទីផ្សារអចលនទ្រព្យនៅតែបន្តធ្លាក់ចុះ។ ជាលទ្ធផល កំណើនឥណទានក្នុងស្រុក បានធ្លាក់ចុះយ៉ាងខ្លាំង បណ្ដាលឱ្យមានការកាត់បន្ថយការចំណាយឯកជន និងប៉ះពាល់ដល់ការប្រមូលចំណូលក្នុងស្រុក។
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចវគ្គនេះ មានផ្នែកមួយផ្ដោតពិសេសទៅលើការពិនិត្យមើលរបៀបដែលកម្ពុជាអាចពង្រឹងប្រព័ន្ធអប់រំរបស់ខ្លួន ដើម្បីបង្កើនពលកម្មដែលមានជំនាញ និងបង្កើនផលិតភាព។របាយការណ៍នេះ បានផ្ដល់អនុសាសន៍ដូចជា៖ បង្កើនការវិនិយោគលើការអប់រំកុមារតូច និងនៅបឋមសិក្សា លើកកម្ពស់ប្រសិទ្ធភាពគ្រូបង្រៀន និងធ្វើឲ្យការបែងចែកធនធានកាន់តែមានសមធម៌៕EB