លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប្រកាសដើរចេញពីក្រសួងយុត្តិធម៌ ប្រសិនបើជនល្មើស ស្រី ស៊ីណា ជាប់គុក ២ ឬ ៣ឆ្នាំ ហើយដោះលែងវិញ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រកាសនឹងចុះចេញពីតំណែងប្រសិន បើឧក្រិដ្ឋជន ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សយ៉ាងកាចសាហាវ នៅក្នុងបុរីប៉េង ហួត កាលពី កន្លងទៅថ្មីៗនេះ ជាប់គុកត្រឹមពីរបីឆ្នាំហើយត្រូវដោះលែងឲ្យមានសេរីភាពវិញដូចការលើកឡើងរបស់អ្នក វិភាគមួយក្តាប់តូចនោះ។
ចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោក កើត រិទ្ធ បានបញ្ជាក់អះអាងថា ជនល្មើស ស្រី ស៊ីណា ត្រូវតែជាប់គុកទៅតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសជាដាច់ខាត ដោយឧក្រិដ្ឋជនរូបនេះអាចនឹងជាប់គុកពី២០ទៅ៣០ឆ្នាំ ហើយបើករណីនេះកើតឡើងដូចការវិភាគរបស់ជន មួយចំនួនតួចថា ឧក្រិដ្ឋជនរូបនេះជាប់គុកត្រឹមតែពីរឬទៅបីឆ្នាំហើយត្រូវដោះលែងឲ្យមានសេរីភាពវិញ នោះឯកឧត្តមជាអ្នកទទួលខុសត្រូវមុនគេ។
លោកឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ យកឱកាសនេះ ដើម្បីបញ្ជាក់ជូនដល់បងប្អូនអ្នកសារព័ត៌មាន ថា ប្រសិនបើបុគ្គលម្នាក់នេះ (ស្រី ស៊ីណា) មិនត្រូវបានកាត់ទោស ឬត្រូវបានកាត់ទោសដូចគេនិយាយថា ជាប់ ២ ឬ ៣ឆ្នាំ ចេញមកវិញ ខ្ញុំ អ្នកទទួលខុសត្រូវមុនគេ ហើយទទួលខុសត្រូវ គឺមានដើរចេញ ឈប់ធ្វើការងារផ្នែកច្បាប់»។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានលើកឡើងផងដែរថា ទោះបីជាទង្វើរបស់ជនល្មើស ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សនៅបុរី ប៉េង ហួត កាលពីកន្លងទៅមានភាពសាហាវព្រៃផ្សៃយ៉ាងណាក៏ដោយ ក៏វិស័យយុត្តិធម៌មិនអាចធ្វើអ្វីតាមអំពើចិត្តរបស់ខ្លួនបានឡើយក្រៅតែពីការអនុវត្តច្បាប់ ដែលបានចែងជាធរមាន។ តែយ៉ាងណាក្តី ឧក្រិដ្ឋជន ស្រី ស៊ីណា មិនត្រូវបានដាក់ឈ្មោះក្នុងបញ្ជីនៃការបន្ធូរបន្ថយទោសនោះឡើយ ដោយសារតែសកម្មភាពឃាតកម្មរបស់ជននេះជាទង្វើកាចសាហាវ ដោយគ្មានការលើកលែងឬអត់ឱនឲ្យនោះទេ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ