លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ជឿជាក់ថា កងកម្លាំងនគរបាល នឹងបន្ដអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសម្រេចនូវបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ដ្ររបស់ខ្លួន
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជឿជាក់ថា កងកម្លាំងនគរបាលទាំងអស់ នឹងបន្តអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសម្រេចនូវបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋ។
តាមសារលិខិតជូនពររបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ឧសភា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុតចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម របស់កងកម្លាំងនគរបាលជាតិ ក្នុងការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ បទដ្ឋានគតិយុត្ត និងគោលការណ៍ បទបញ្ជា វិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អាស្រ័យដោយសភាពការណ៍បត់បែនប្រកបដោយហានិភ័យ របស់ពិភពលោក ដែលកំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងឧត្តមភាពយោធា សង្គ្រាមនៅតាមតំបន់ ជម្លោះជាតិសាសន៍ ក៏ដូចជានិន្នាការកើនឡើងនៃសកម្មភាពបទឧក្រិដ្ឋកម្មឆ្លងដែន នាំឱ្យព្រះរាជាណាចក្រកម្ពុជា មិនអាចមើលរំលងចំពោះឥទ្ធិពលអវិជ្ជមានទាំងនោះ គួបផ្សំនឹងបញ្ហាមួយ ចំនួនដែលមិនទាន់ដោះស្រាយពាក់ព័ន្ធដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សង្គមនាពេលកន្លងមក ជាហេតុ ធ្វើឲ្យសភាពការណ៍នាពេលខាងមុខ អាចនឹងលេចឡើងនូវហានិភ័យមួយចំនួនមិនអាចប៉ាន់ស្មានបាន ដែល ទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងខិតខំបំពេញ ភារកិច្ចប្រកបដោយមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា «ខ្ញុំមានសេចក្តីសង្ឃឹម និងជឿជាក់យ៉ាង មុតមាំថា កងកម្លាំងនគរបាលទាំងអស់ នឹងបន្តអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសម្រេចនូវបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋ និងជាបង្អែកយ៉ាងរឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនិងគ្រប់កាលៈទេសៈ»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ