សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំ នូវផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួល ដល់អ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះ នៅក្នុងព្រៃទំហំ ១៥០ហិកតា ដោយឥតគិតថ្លៃ។


យោងតាមបណ្តាញសង្គម របស់សម្តេចធិបតី នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ របស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួល ដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប ដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរ ដែលបានមកកម្សាន្ត។


សម្តេចធិបតី លើកឡើងថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024” ដោយផ្តោតលើការផ្សព្វផ្សាយ អំពីសក្តានុពលនៃខេត្តសៀមរាប ដែលមានគោលដៅជាច្រើនផ្សេងទៀត លើសពីការទស្សនា តែប្រាង្គប្រាសាទ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត។


ក្នុងនោះ សម្តេច នាយករដ្ឋមន្ត្រី បញ្ជាក់ថា ដើម្បីបន្ថែមសក្តានុពល ដល់តំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពទាក់ទាញ អាជ្ញាធរជាតិអប្សរា បាន និងកំពុងរៀបចំនូវផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួល ដល់អ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះ នៅក្នុងព្រៃទំហំ ១៥០ហិកតា ដោយឥតគិតថ្លៃ ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុខាងត្បូង នៃប្រាសាទអង្គរវត្ត។


សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នាថ្ងៃទី២៤ សីហា ២០២៣ ដោយបញ្ចកោណទី៤ “ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដែលកិច្ចការអាទិភាពទី២ គឺការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព ដែលមានគោលដៅ យុទ្ធសាស្ត្រផ្តោតលើ ការអភិវឌ្ឍទេសចរណ៍ ដោយទាញយកប្រយោជន៍ ឱ្យអស់សក្តានុពលពីបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ប្រកបដោយចីរភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ