សម្តេច ស ខេង អំពាវនាវកុំឱ្យចាញ់ល្បិចកលញុះញង់ របស់ក្រុមជនអគតិមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់ របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន។
ការលើកឡើងរបស់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្របពេលដែលមជ្ឈដ្ឋានប្រឆាំងមួយចំនួនតូចនៅក្នុងប្រទេស ដែលមានការញុះញង់ គាំទ្រពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បាននិងកំពុងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមបំផុសឱ្យ មានការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្រោមការប្រឌិតលេសចោទប្រកាន់ពាក់ព័ន្ធបញ្ហានឹងបូរណភាពទឹកដី របស់កម្ពុជានៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
ទន្ទឹមនឹងនេះ ក៏មានក្រុមជនអគតិមួយចំនួនទៀត ឆ្លៀតឱកាស «ដុតឱ្យខ្លោច រោចឱ្យឆៅ តាមរយៈការធ្វើសកម្មភាព កាត់យកខ្លឹមសារសម្លេង និងវីដេអូ ដែល សម្ដេច ស ខេង បានថ្លែងក្នុងព្រឹត្តិការណ៍សាធារណៈនានា នាពេលកន្លងមកនៅក្នុងនីតិកាលមុនៗ នៃរដ្ឋសភា មកផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែក បំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យ មកលើ ជំហររបស់ សម្ដេច ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការដឹកនាំប្រទេស និងការការពារផលប្រយោជន៍ជាតិ និងប្រជាជន ។
តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៧ សីហា នេះ សម្ដេច ស ខេង មានប្រសាសន៍ថា «ក្នុងស្មារតីនេះ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកល ញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតា របស់ខ្លួន ដោយមិនគិតអំពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លង ទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយ នៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា នៃល្បែងនយោបាយ លាបពណ៌ ញុះញង់ និងបំបែកបំបាក់»។
លើសពីនេះ សម្ដេច ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមមានជំនឿទុកចិត្ត និង គាំទ្រមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុង ការដោះស្រាយបញ្ហាជាតិ និងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ហើយខ្ញុំព្រះករុណាខ្ញុំសូម គាំទ្រការប្រើវិធានការច្បាប់ម៉ឺងម៉ាត់ក្នុងការបង្ការ និងទប់ស្កាត់ឱ្យបានជាដាច់ខាតរាល់ចេតនាប៉ុនប៉ងបង្ក អសន្តិសុខ និងអស្ថិរភាពជាតិ ដើម្បីធានាដល់សុខសន្តិភាព និរន្តរភាពជាតិ និងការអភិវឌ្ឍប្រកបដោយ ចីរភាព ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាយើងគ្រប់ៗរូប ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ